ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនមូលធនឯកជនជាច្រើនក្នុងតំបន់អាសុីបានសហការគ្នាក្នុងការបង្កើតសម្ព័ន្ធភាពមួយ ក្នុងគោលបំណងសម្របសម្រួលទុនវិនិយោគចំនួន៣៥ពាន់លានដុល្លារអាមេរិកចូលទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ។
សម្ព័ន្ធភាពត្រូវបានបង្កើតឡើងរវាងបណ្តាក្រុមហ៊ុនមូលធនឯកជននានា ដូចជាក្រុមហ៊ុន Golden Gate Ventures ក្រុមហ៊ុន Do Ventures និងក្រុមហ៊ុន Monk’s Hill Ventures ដោយដាក់ឈ្មោះសម្ព័ន្ធភាពនេះថា “ទីភ្នាក់ងារមូលធនឯកជនវៀតណាម”។
-->
លោក Vinnie Lauria សមាជិកក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារខាងលើបានមានប្រសាសន៍ឱ្យដឹងថា ការចងសម្ព័ន្ធភាពនេះមានគោលដៅដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងវិស័យនានា រាប់ចាប់ពី វិស័យកសិកម្មដល់ការអប់រំ និងការថែទាំសុខភាព។
លោក Lauria ក្នុងនាមជាដៃគូស្ថាបនិកក្រុមហ៊ុន Golden Gate បានអះអាងថា “វៀតណាមជាទីផ្សារដ៏មានសក្តានុពល។ ការសម្រេចបង្កើតទីភ្នាក់ងារមូលធនឯកជនវៀតណាម ដោយសារយើងសង្កេតឃើញមានការវិវឌ្ឍន៍សំខាន់ៗក្នុងប្រទេសវៀតណាម រួមមានការដំឡើងប្រាក់ឈ្នួល កំណើនសេដ្ឋកិច្ច កំណើនលំហូរ FDI កំណើននៃការនាំចេញក្រោយវិបត្តិជំងឺកូវីដ-១៩ កម្មវិធីនវានុវត្តន៍ថ្មីរបស់រដ្ឋាភិបាលវៀតណាម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស”។

បណ្តាអ្នកវិនិយោគជាច្រើនបានបង្ហាញក្តីសង្ឃឹមខ្ពស់ចំពោះសក្តានុពលរបស់ប្រទេសនេះ ស្របពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងជំរុញឱ្យក្រុមហ៊ុនអន្តរជាតិធំៗផ្លាស់ប្តូរទីតាំងរោងចក្រ និងកំណត់គោលដៅទីផ្សារថ្មី។
ជាមួយគ្នានេះ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើងលើសទំហំទឹកប្រាក់៩០ពាន់លានដុល្លារក្នុងឆ្នាំ២០៣០ បើធៀបនឹង ៣០ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍រួមពីក្រុមហ៊ុន Google ក្រុមហ៊ុន Temasek Holdings និងក្រុមហ៊ុន Bain & Co។
និន្នាការនៃការចាប់ផ្តើមបើកអាជីវកម្មថ្មី ឬ Start-up របស់វៀតណាមបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារការកើនឡើងនៃក្រុមហ៊ុនដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេម VNG Corp។ ប៉ុន្តែ វិស័យបច្ចេកវិទ្យារបស់ប្រទេសនេះបានជួបបញ្ហាប្រឈមក្នុងការការស្រូបទាញដើមទុន ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ច ក្រោយផ្ទុះវិបត្តិជំងឺរាតត្បាតសកល។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google បានឱ្យដឹងថា កាលពីឆ្នាំ២០២១ ប្រទេសវៀតណាមបានទាក់ទាញទុនវិនិយោគពីទីផ្សារបច្ចេកវិទ្យា Start-up ចំនួន២,៦ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងឯកជនចំនួន២៣៣ កើនឡើងពីចំនួន៧០០លានដុល្លារតាមរយៈការចុះកិច្ចព្រមព្រៀងចំនួន១៤០ ក្នុងឆ្នាំ២០២០៕ប្រភព: Bloomberg៕
