វិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីស្ទុះងើបឡើងវិញ ខណៈបរិយាកាសទីផ្សារមានស្ថានភាពល្អប្រសើរ

0

ដោយ: សហសេវិក
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានងើបឡើងវិញនៅត្រីមាសទី៣ ឆ្នាំនេះ ដោយសារភាពប្រសើរឡើងនៃតម្រូវការដ៏រឹងមាំនៅគ្រប់ផ្នែកអចលនទ្រព្យសំខាន់ៗ និងស្ថិរភាពនៃបរិយាកាសអត្រាការប្រាក់។

យោងតាមការសិក្សារបស់ស្ថាប័នស្រាវជ្រាវ RHB Research បានបង្ហាញថា វិធានការលើកទឹកចិត្តនានារបស់រដ្ឋាភិបាលម៉ាឡេសុីត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស។

តួយ៉ាង ការលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះលើកដំបូងសម្រាប់ការទិញផ្ទះ ដែលមានតម្លៃចាប់ពី៥០០.០០០រីងហ្គីតចុះក្រោម ត្រូវបានពង្រីករហូតដល់ចុងឆ្នាំ២០២៧។ ការណ៍នេះនឹងជួយរក្សាបាននូវតម្រូវការលំនៅដ្ឋានតម្លៃមធ្យម(Mid-range)។

ស្ថាប័ន RHB Research បានវាយតម្លៃថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ធំៗនៅម៉ាឡេសុី ដូចជា ក្រុមហ៊ុន Mah Sing Group ក្រុមហ៊ុន Matrix Concepts Holdings និងក្រុមហ៊ុន Eco World Development Group (EcoWorld) នឹងទទួលបានអត្ថប្រយោជន៍ពីវិធានការនេះ។

ទន្ទឹមនឹងនេះ អត្រាពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះ ដែលជាជនបរទេសនឹងត្រូវបានដំឡើងពី៤ភាគរយទៅដល់៨ភាគរយនៅឆ្នាំក្រោយ។ប៉ុន្តែ ក្រុមហ៊ុនស្រាវជ្រាវ RBH បានប៉ាន់ប្រមាណថា ការដំឡើងពន្ធនេះនឹងមិនជះផលប៉ះពាល់ដល់តម្រូវការពីបណ្តាវិនិយោគិនលំដាប់អ្នកមាននោះទេ។

ជាពិសេស តំបន់ច្រករបៀងសេដ្ឋកិច្ច Iskandar Malaysia ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី បានប្រមូលផ្តុំគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្តាញផ្លូវដែកតភ្ជាប់ពីទីក្រុង Johor Baru របស់រដ្ឋ Johor ទៅកាន់ប្រទេសសិង្ហបុរី និងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore។

គម្រោងទាំងនេះបាននិងកំពុងបន្តទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគឱ្យបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យម៉ាឡេសុី ដោយសង្កេតឃើញពីកំណើននៃការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗផ្នែកដឹកជញ្ជូន៕ប្រភព: The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here