តម្លៃដីធ្លីនៅខេត្តកោះកុងបន្តហក់ឡើងដោយសារកំនើននៃការវិនិយោគ

0

​ដោយគង់ សូរិយា

​ភ្នំពេញ: ស្របពេលការវិនិយោគកើនឡើង ពីអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោ គចិនបានធ្វើឲ្យតម្លៃដីធ្លី នៅតាមតំបន់មួយចំនួននៅខេត្តកោះកុង បន្តហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ។


​អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង លោកជឹង សុខម៉េងបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយសារកំនើនវិនិយោគចិន និងអ្នកវិនិយោគក្នុងស្រុក ពិសេសលោកឧកញ៉ាលី យ៉ុងផាត់បានវិនិយោគគំរោងជាច្រើន ពិសេសផែនការកសាង​ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គឺពង្រីកផ្លូវជាតិលេខ៤៨ជាបួនគន្លង កសាងផ្លូវពីសំឡូត ក្នុងខេត្តបាត់ដំបងតភ្ជាប់មកកាន់ខេត្តកោះកុង និងការសាងសង់គំរោងតារាសាគរ ពិសេសព្រលានយន្តហោះនៃគំរោងនេះ បានធ្វើឲ្យតម្លៃដីធ្លីនៅខេត្តនេះកើនឡើងខ្ពស់។

​លោកបន្តថា “ខ្ញុំគិតថាខេត្តកោះកុងនឹងមានការអភិវឌ្ឍមិនចាញ់ ខេត្តព្រះសីហនុនោះទេ ដោយសារបច្ចុប្បន្នព្រលានយន្តហោះ នៅក្នុងគំរោងតារាសាគរបានសាងសង់ទាំងយប់ទាំងថ្ងៃ”។

លោកបន្តថា “បើសិនជាក្រុមហ៊ុនBangkok Airway រៀបចំសាងសង់ព្រលានយន្តហោះក្នុងខេត្ត នឹងធ្វើឲ្យតម្លៃដីនៅក្នុងទីរួមខេត្តកើនឡើងបន្ថែមទៀត”។

​លោកបន្តថា ដីធ្លីនៅទីរួមខេត្តជុំវិញផ្សារទីរួមខេត្ត មានតម្លៃចន្លោះពី២៥០០ទៅ៣០០០​ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតំបន់លំនៅដ្ឋានមានតម្លៃចន្លោះពី១០០ទៅ៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្រៅពីទីរួមខេត្ត តំបន់បាក់ខ្លងមានតម្លៃ២០០ដុល្លារ នៅតាមផ្លូវតភ្ជាប់ ទៅកាន់ព្រំដែនថៃមានតម្លៃចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់កោះស្តេចដែលស្ថិតក្នុងតំបន់តារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនUnion Development Group តម្លៃដីបានហក់ឡើងខ្ពស់ផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើ ញចូលរួមពិធីបុណ្យសមុទ្រជុំទី២នៅខេត្តកោះកុង បានសម្តែងមោទនភាពចំពោះការរីក​ចម្រើនរបស់ខេត្តនេះ ពិសេសកំឡុងពេលនោះសម្តេចប្រកាសពង្រីកផ្លូវជាតិលេខ៤៨ជា​បួនគន្លង និងសាងសង់ផ្លូវពីសំឡូត ក្នុងខេត្តបាត់ដំបង មកកាន់ខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ។

សម្តេចបន្តថា “សម្តេចកំពុងរកថវិកាសាងសង់ស្ពានតភ្ជាប់ពីថ្មបាំង នៅក្នុងខេត្តកោះកុង ដើម្បីចាប់ផ្តើមសាងសង់ផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យ មកកាន់ខេត្តកោះកុងជាប្រវត្តិសាស្រ្តនេះ”។

​អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ថា ការតភ្ជាប់ផ្លូវពីស្រុកសំឡូតមកកាន់ខេត្តកោះកុង មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះទេ តែជាការលើកកំពស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ដោយប្រើប្រាស់ផ្លូវនេះសំរាប់ដឹកជញ្ជូនកសិផលពីភូមិភាគពាយ័ព្យ មកកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តនេះ ហើយបន្តដឹកទៅកាន់ប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។

​លោកបន្តថា “នេះការវិនិយោគដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដើម្បីជំរុញកំនើនសេដ្ឋកិច្ច ព្រោះដើម្បីសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាចាំបាច់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here