រយៈពេល៥ឆ្នាំកម្ពុជាទទួលការវិនិយោគផ្ទាល់ពីបរទេសជាង២៣ពាន់លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញ ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣-២០១៧ កម្ពុជាបានទទួលគម្រោងវិនិយោគពីបណ្ដាក្រុមហ៊ុន ក្នុងស្រុក និងបរទេសសរុបប្រមាណជា ៩៧០គម្រោង ដែលមានទុនវិនិយោគសរុបចំនួន២៣.៤៨០លានដុល្លារអាមេរិក។

ទុនវិនិយោគនេះ មានទំហំប្រមាណ៤.០០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើ​យមានសក្ដានុពលបង្កើតការងារថ្មី ជូនប្រជាពលរដ្ឋជាមធ្យមប្រមាណ២១៩ពាន់នាក់ក្នុងមួយឆ្នាំ។ របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេល៥ឆ្នាំខាងលើនេះ (ឆ្នាំ២០១៣-២០១៧)ទុនវិនិយោគផ្ទាល់ពីបរទេស ជាមធ្យមប្រចាំឆ្នាំមានប្រមាណជា៤០% នៃទុនវិនិយោគសរុបក្នុងឆ្នាំនីមួយៗ។

របាការណ៍ដដែលបានបន្តថា នៅក្នុងឆ្នាំ២០១៨ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងជិត៧០% នៃទុនវិនិយោគសរុបដែលបានកត់ត្រានៅ ក.អ.ក. ដែលនេះបានឆ្លុះបញ្ចាំងពីភាពកាន់តែជឿទុកចិត្តរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការវិនិយោគនេះក៏រំពឹងថា នឹងបន្តកើនឡើងនាឆ្នាំបន្តបន្ទាប់។ កំណើននៃការវិនិយោគនេះ នឹងផ្ដល់នូវកាលានុវត្តភាពដល់សហគ្រាសក្នុងស្រុកក្នុងការកសាងភាពជាដៃគូ ជាមួយក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែង និងការតភ្ជាប់ទៅនឹងទីផ្សារតំបន់ និងសកល។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមា​នប្រសាសន៍ថា កម្ពុជាបានក្លាយជាប្រទេសមួយ ស្ថិតក្នុងគោលដៅនៃការវិនិយោគពីបរ​ទេស ដោយសារកត្តាសន្តិភាព និងកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងកំនើនជាង៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ អ្នកនាងបន្តថា បើនិយាយពីវិស័យអចលនទ្រព្យវិញ កម្ពុជានៅមានឳកាសចំណេញ ដោយសារជាទីផ្សារថ្មីដែលអ្នកវិនិយោគអាចរកផលចំណេញពីការវិនិយោគ(Return of Investment)ប្រមាណ៧ភាគរយប្រចាំឆ្នាំ ខណៈប្រទេសក្នុងតំបន់អ្នកវិនិយោគមានឳកាសចំណេញទាបជាងនេះ។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិលស៊ីធ្លាប់បានមាន​ប្រសាសន៍ថា កម្ពុជាមានភាពទាក់ទាញការវិនិយោគពីបរទេស ដោយសារកត្តាសំខាន់ៗចំនួន៤ ដូចជា ទី១ ការក្សាបាននូវស្ថេរភាពនយោបាយ ទី២ ការរក្សាបាននូវស្ថេរភាព​សង្គម ទី៣ កំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរ៉ឹងមាំ និងទី៤ច្បាប់វិនិយោគរបស់កម្ពុជាមាន​ភាពបើកចំហ ដោយរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋវិនិយោគ១០០ភាគ​រយ និងច្បាប់ពន្ឋរបស់កម្ពុជាមិនមានលក្ខណៈស្មុគ្រស្មាញ។


លោកបន្តថា “នៅពេលសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគតែ​ងតែសម្លឹងមើលកត្តាសំខាន់ៗទាំងនេះ ហើយពេលពួកគេសិក្សាច្បាស់លាស់ហើយ ពួកគេនឹងមកវិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here