រដ្ឋាភិបាល​ចាប់ផ្តើម​សាងសង់​ដែន​អន្តរជាតិ​​ស្ទឹង​បត់​-​បាន​ណង​អៀន​​ធំ​ថ្មី​មួយទៀត​នៅ​ក្បែ​ស្ពាន​ស្ទឹង​បត់​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ធំ​ថ្មី​មួយទៀត​នៅ​ក្បែ​ស្ពាន​ស្ទឹង​បត់​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​ឆ្លងកាត់​ ​ខណៈ​ស្ថានីយ៍​នៅ​ច្រក​ប៉ោយប៉ែត​មាន​ភាព​មមាញឹក​ខ្លាំង​ ​និង​ការ​កកស្ទះ​ខ្លាំង​។​

​លោក​ស៊ុន​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ​២២​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ន​ថា​ការសាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​និង​សាងសង់​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥វិញ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ​ ​២៦.៤២លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​សាងសង់​អគារ​ច្រក​ទ្វារ​ត្រួតពិនិត្យ​ព្រំដែន​ ​និង​ផ្លូវ​តភ្ជាប់​,​ ​សំណង់​អគារ​អន្តេវាសិក​ដ្ឋាន​,​ ​ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់​ ​«​ឃ្លាំង​ ​និង​ទីលាន​កុង​តែ​ន័រ​»​,​ ​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​ ​និង​សំណង់​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បានឱ្យ​ដឹង​ថា​ ​ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មីនេះ​ ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​ ​២៤ខែ​ ​ដោយ​គិត​ចាប់ពី​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​។​ ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ថ្មីនេះ​ ​គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ ​និង​ដើម្បី​ ​ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​គម្រោង​សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​ធ្វើឡើង​ខណៈ​ដែល​ច្រកព្រំដែន​ប៉ោយប៉ែត​-​អ​រញ្ញ​ប្រ​ថេ​ត​ ​មានការ​ឆ្លងកាត់​ទំនិញ​ ​និង​ទេសចរណ៍​កាន់តែ​មមាញឹក​យ៉ាង​ខ្លាំង​ ​ហើយ​ពេលខ្លះ​មានការ​កកស្ទះ​ចរាចរណ៍​អស់​ជាច្រើន​ម៉ោង​ទៀតផង​។​ ​ការ​កកស្ទះ​នៅ​ច្រក​នាំចេញ​ ​នាំចូល​ទំនិញ​ជា​កត្តា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​ ​គម្រោង​នេះ​ជា​ការ​ឆ្លើយតប​យ៉ាង​ប្រាកដ​ទៅ​នឹង​ភាព​មមាញឹក​នៃ​ចរាចរណ៍​ដឹកជញ្ជូន​ ​ដែល​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ឡើយ​ ​តែ​ថែមទាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ​។​

​បន្ទាប់ពី​គម្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​និង​ការ​តភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​ដាក់​ឱ្យ​ដំណើរការ​តំបន់​ប៉ោយប៉ែត​នឹង​ប្រែក្លាយ​ ​ជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាង​ខ្លាំង​ ​ជា​មជ្ឈមណ្ឌល​ស្តុក​ ​និង​ចែកចាយ​ទំនិញ​ ​និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​បង្កើត​ជា​សក្តា​នុ​ពល​រូប​វ័ន្ត​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​ដល់​ ​គម្រោង​វិនិយោគ​នានា​ក្នុង​ស្រុក​ ​និង​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here