តើផ្លូវជាតិលេខ១១តភ្ជាប់ពីតំបន់ណាទៅតំបន់ណា និងមានសក្តានុពលសេដ្ឋកិច្ចដូចម្តេច?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ផ្លូវជាតិលេខ១១ ជាផ្លូវដ៏មានសក្កានុពលតភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិនេះ ជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើន របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

-->

លើសពីនេះទៅទៀត ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ចរាច​រណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។

ផ្លូវជាតិលេខ១១ មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕