ដោយ នៅ ស៊ីវុត្ថា
បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានស្នើឲ្យថៃបើកច្រកព្រំដែន៤កន្លែងផ្សេងទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យបានកាន់តែល្អប្រសើរ។

អញ្ជើញជាអធិតបីក្នុងពិធីចាក់បេតុងជានិម្មិតរូប នៅស្ពានស្ទឹងបត់ និងពិធីចុះហត្ថលេខាតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ ជាមួយលោកនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ឋ ចាន់អូចា នាព្រឹកថ្ងៃទី២២ មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាឲ្យមានការបើកច្រកព្រំដែនចំនួន៤កន្លែងទៀតរវាងប្រទេសទាំងពីរ រួមមានច្រកព្រំដែន ទាំងបួនកន្លែងនោះ រួមមាន ទី១ ច្រក អានសេះ ខេត្តព្រះវិហារ - និងច្រកអាន ម៉ា ខេត្តកេត វ័នឡាសុថានី ប្រទេសថៃ។ ទី២ ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកខោឌីន ក្នុងខេត្ត ស្រះកែវ។ ទី៣ ច្រកថ្មដាក្នុងខេត្តពោធិ៍សាត់ និង ច្រក ថាសេន ក្នុងខេត្តស្រះកែវ និងទី៤ ច្រករបៀងជប់គគីរ ក្នុងខេត្ត ឧត្តរមានជ័យ និងខេត្ត បូរីរ៉ាំ។

សម្តេចថាការ “បើកច្រកព្រំដែននេះ គឺជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ សន្តិភាព ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសជាប់ព្រុំដែនរបស់កម្ពុជា”។ សម្តេចបន្ថែមថា “ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃនាពេលបច្ចុប្បន្ននេះ កើនដល់ ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក”៕






