តំបន់ចំនួន៣នឹងក្លាយជាមណ្ឌលដើរទិញទំនិញនិងកម្សាន្តលំដាប់អន្តរជាតិ នៅរាជធានីភ្នំពេញ

0

ដោយៈរ៉ាណេត

ភ្នំពេញៈតំបន់ចំនួន៣ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងគ្នា ក្នុងរាជធានីភ្នំពេញត្រូវបានអ្នកជំនាញអះអាងថា នឹងក្លាយទៅជាមជ្ឈមណ្ឌលទិញទំនិញ និងកម្សាន្តតាមរយៈការបង្កើតផ្សារទំនើបកម្រិតស្ដង់ដាអន្តរជាតិជាច្រើន នៅលើទីតាំងនៅក្នុងខណ្ឌទាំង៣ខាងលើនេះ។

មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញា គឹម គិនកេសា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២២ មេសាកន្លងមកថា បើមិនមានអ្វីប្រែប្រួលនោះទេ យ៉ាងយូរនៅត្រឹមរយៈពេល៣ឆ្នាំខាងមុខនេះ ផ្សារទំនើបលក្ខណៈអន្តរជាតិជាច្រើន នឹងបង្ហាញខ្លួននៅតំបន់ចំនួន៣សំខាន់ៗ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងៗពីគ្នា ដែលក្នុងនោះ រួមមាន ដូចជា ខណ្ឌសែនសុខ ខណ្ឌចំការមន និងមានជ័យ ។

កញ្ញាបន្តថា តំបន់ទី១ ស្ថិតនៅក្នុងខណ្ឌសែនសុខ ពិសេសតំបន់ជុំវិញផ្សារទំនើបAEON MALL2 ជាតំបន់បណ្តុំដោយផ្សារទំនើប។ ពិសេសដោយសារកំនើននៃប្រជាសាស្ត្រកើនឡើងកាន់តែច្រើនទៅរស់នៅក្នុងតំបន់នេះ ជាពិសេស មានការកកើននូវសំណង់លំនៅដ្ឋានជាច្រើន ជាក់ស្ដែងដូចជាពេលនេះ ខណ្ឌសែនសុខបានក្លាយជាតំបន់ ដែលមានបុរីច្រើនជាងគេ នៅក្នុងចំណោមខណ្ឌនានានៅរាជធានីភ្នំពេញ។ ទាំងនេះគឺជាចំណុ​ចដ៏ទាក់ទាញបំផុត សម្រាប់បណ្តាអ្នកវិនិយោគលើផ្នែកផ្សារទំនើប ខណៈដែលសព្វថ្ងៃនេះមានផ្សារទំនើប AEON2 ផ្សារMakro និងផ្សារទំនើបChip Mong SenSok ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លី។

តំបន់នេះ នឹងមានផ្សារទំនើបនិងពាក់កណ្តាលទំនើបដទៃទៀត នៅជុំវិញនោះ ដូចជាផ្សារស្ថិតក្នុងបុរីវិមានភ្នំពេញ ផ្សារទំនើបAEON MALLខ្នាតតូចក្នុងបុរីប៉េង ហួតជាដើម។

កញ្ញាកឹម កិនកេសាបានបន្តទៀតថា ចំណែកនៅក្នុងខណ្ឌមានជ័យ ក៏ដូចជាគ្នាពិសេសនៅតំបន់កោះពេជ្រ និងជុំវិញកោះពេជ្រ ដែលជាបណ្តុំផ្សារទំនើបដូចជាAEON Mall1 ផ្សារThe Bridge Commercial, ផ្សារទំនើបលំដាប់អន្តរជាតិក្នុងគំរោងThe PeAk​និងផ្សារទំនើបស្ថិតក្នុងគំរោងThe D.I RIVIERAស្ថិតនៅលើទីក្រុងរណបកោះពេជ្រ ដែលនឹងបើកដំណើរការនាពេលខាងមុខផងដែរ។

ចំណែកគំរោងទី៣ គឺស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ដែលមានផ្សារទំនើបធំៗក៏នឹងបង្ហាញវត្តមាននៅទីនោះផងដែរ ដែលក្នុងនោះ រួមមាន ផ្សារទំនើបប៉េងហួត ផ្សារទំនើប AEON 3 រួមជាមួយគម្រោងផ្សារទំនើប Chip Mong មួយទៀត និងគំរោងផ្សារទំនើបនិង​មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលរួមបញ្ចូលនូវផ្សារទំនើបធំមួយផងដែរ។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការរីកចម្រើនផ្សារទំនើប គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីកំណើ​នអំណាចនៃការទិញ ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសអ្វីដែលយើងមើលឃើញគឺចំនួនផ្សារទំនើប ដែលមានបច្ចុប្បន្ននៅមិនទាន់ច្រើននោះទេ បើធៀបទៅនឹងទំហំផ្សារ និងចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងមួយនេះ។

លោកបន្តថា “តំបន់ស្ថិតនៅក្នុងខ័ណ្ឌសែនសុខ មានការរីកចម្រើនលឿន និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ហេតុនេះអ្នកវិនិយោគ ដែលចូលមកវិនិយោគតំបន់នេះពួកគេពិតជាបានសិក្សាទីផ្សាររួចហើយ ទើបពួកគេវិនិយោគ”។លោកបន្តថា “អ្នកវិនិយោគមើលឃើញអំណាចនៃការទិញកើនឡើង ទើបពួកគេចូលទៅវិនិយោគតំបន់នេះ ដោយសា​រលំហូរប្រជាជនចូលទៅរស់នៅតំបន់នេះច្រើន”។

លោកបន្តថា បើយើងមើលមួយភ្លេតគឺផ្សារហាក់មានចំនួនច្រើន ប៉ុន្តែបើយើងមើលកំណើនប្រជាជន និងការចាប់យកចំណែកទីផ្សារខុសៗគ្នា ពីសំណាក់អ្នកវិនិយោគនៅតំបន់នោះ គឺចំនួនផ្សារទាំងនោះនៅមិនទាន់ច្រើននោះទេ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូរ វណ្ឌី បានបង្ហាញពីការសាទរចំពោះកំណើនវត្តមាន នៃបណ្តាផ្សារទំនើបបែបកម្សាន្ត នៅក្នុងរាជធានីភ្នំពេញ ដែលវាជាការចូលរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់រាជធានីមួយនេះកាន់តែច្រើន ព្រោះនៅពេលដែលមានទីផ្សារទំនើប ដែលរៀបចំជាមជ្ឈ​មណ្ឌលកម្សាន្តកាន់តែច្រើន មួយរយភាគរយ គឺពិតជាជួយចូលរួមចំណែកលើកកម្ពស់ដល់ផ្នែកទេសចរណ៍។

លោកបន្តថា ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះ ស្ទើរតែរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅតាមបណ្តាផ្សារទំនើបនានាដូចជា ផ្សារទំនើបAEON1 ដែលស្ថិតនៅក្នុងខណ្ឌចំការមន ផ្សារទំនើបAEON2 ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ផ្សារទំនើបTK ស្ថិតនៅខណ្ឌទួលគោក ក៏ដូចជាផ្សារទំនើបសូរិយា ដែលបច្ចុប្បន្នបានកែប្រែ និងរចនាជាផ្សារទេសចរណ៍នៅជាន់ខាងលើជាដើម គឺសុទ្ធតែទាក់ទាញមហាជនក្នុងស្រុក ក៏ដូចជាជនបរទេសចូលទិញសម្ភារៈ ជាមួយនឹងការកម្សាន្តផងដែរ ប៉ុន្តែទោះជាយ៉ាងណា បណ្តាផ្សារទំនើបទាំងនេះហាក់នៅមានទំហំតូចនៅឡើយ។

លោកបានបន្តទៀតថា “ប្រសិនបើនៅថ្ងៃខាងមុខនេះ មានលេចឡើងនូវវត្តមានផ្សារទំនើបកាន់តែច្រើន ហើយផ្តោតលើកម្រិតទីផ្សារខុសគ្នា ដូចជាប្រភេទទំនិញ និងការចាប់យកវ័យអតិថិជនជាគោលដៅកាន់តែច្រើន គឺកាន់តែផ្តល់ភាពល្អប្រសើរកាន់ប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here