ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ មន្រ្តីក្រសួងសាអធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ៣៦%ហើយ។
ព័ត៌មានពីវឌ្ឍនភាពលើការសាងសង់ស្ពាននេះ បានបង្ហាញនាថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ៦៦,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន១៣៧ដើម ២០ជើងតាងសម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៥,១២% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ១៦ខែហើយ ស្មើនឹង ៣៨,១០% នៃផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារ ដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨។
ក្រុមការងារវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណ័្ឌភាព ។ អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនពន្លឿន ការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀត ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក៕