ដំណឹងល្អៈ ផ្លូវជាតិលេខ៤៨តភ្ជាប់ទៅកាន់ខេត្តកោះកុងសម្រេចបាន១០០ភាគរយហើយ ដោយមន្ត្រីបានធ្វើការប្រគល់-ទទួលជាផ្លូវការ

0

ដោយៈ គង់ សូរិយា

កោះកុងៈ នៅទីបំផុតការស្ថាបនាពង្រីក និងលើកកំពស់គុណភាពផ្កូវជាតិលេខ៤៨ឋ ដែលភ្ជាប់ទៅកាន់ខេត្តកោះកុងពីផ្លូវជាតិលេខ៤ សម្រេចបានឆ១០០ភាគរយហើយ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សូរ វ៉ិចទ័រ ដែលជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល។

ការចុះពិនិត្យនេះ គឺពិនិត្យឡើងវិញគុណភាពនៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម ដោយក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធន៍) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀតផងដែរ។

ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល លោករដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានាពីរឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកសូ វិកទ័រ ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង ដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ ទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ និងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើកទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិយើង។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូAC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ទីតាំង ប្រវែង៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។

គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here