ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីរៀបចំសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
ពិធីនេះបានប្រារពធ្វើក្រោមអធិបតីភាព លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន, អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធប្រមាណ៨០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីគោលគំនិតនៃក្របខណ្ឌសួនឧស្សាហកម្មបៃតង (Eco-Industrial Park – EIP) និងពិភាក្សាអំពីគោលនយោបាយ និងបទប្បញ្ញត្តិអាទិភាព ក្នុងការជំរុញការវិនិយោគបៃតង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។
លោកបណ្ឌិត សរ សិនិរ៉ា បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្មនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។
ជាការកត់សម្គាល់ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់២៣% ទៅ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ២០២២ ដល់ ២០២៤ កន្លងទៅ។
ក្នុងទិដ្ឋភាពវិនិយោគ លោកបានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង ដែលរួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ជាដើម៕