ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណ្ឌដង្កោនៅពេលបច្ចុប្បន្ននេះ មិនស្ថិតក្នុងភាពឯកោដូចកាលពីប្រមាណ៥ឆ្នាំមុននោះទេ ព្រោះពេលនេះមានអ្នកវិនិយោគ លើការអភិវឌ្ឍសំណង់អាគារលំនៅដ្ឋានជាច្រើនស្អេកស្កះ ដែលក្នុងនោះសូម្បីតែក្រុមហ៊ុនសំណង់បុរីធំៗ និងល្បីឈ្មោះមួយចំនួនធំ ក៏បានចូលទៅបង្ហាញខ្លួននៅក្នុងខណ្ឌមួយនេះផងដែរ ជាពិសេសនៅភាគខាងត្បូងនៃរាជធានីភ្នំពេញតែម្ដង។
លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនR Investment Group បានមានប្រសាសន៍ប្រាប់ឱ្យដឹង តាមរយៈទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៣ ខែមេសាកន្លងទៅនេះថា បច្ចុប្បន្ននេះ ខណ្ឌដង្កោកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែនៅក្នុងខណ្ឌមួយនេះមានលំហូរ នៃចំនួនប្រជាជនចំណាកស្រុកចូលមករស់នៅច្រើន ដែលជំរុញឱ្យមានតម្រូវការលើការលើការស្នាក់នៅច្រើន។
-->
លោកឧកញ៉ាបន្តថា “ការកើនឡើងនៃចំនួនប្រជាជន មិនមែនមានតែនៅក្នុងខណ្ឌដង្កោនេះមួយនោះទេ គឺវាមានការកើនឡើងស្ទើរតែគ្រប់ខណ្ឌ ប៉ុន្តែអ្វីដែលធ្វើឱ្យខណ្ឌនេះមានតម្រូវការស្នាក់នៅច្រើន រហូតមានការចូលខ្លួនមកអភិវឌ្ឍន៍ ពីសំណាក់អ្នកអភិវឌ្ឍ សំណង់បុរីជាដើមនោះ ក៏ព្រោះតែខណ្ឌដែលស្ថិតនៅភាគខាងត្បូង នៃរាជធានីភ្នំពេញមួយនេះ មានវិសាលភាពធំទូលាយងាយស្រួលក្នុងការអភិវឌ្ឍន៍ ជាពិសេសតម្លៃដីធ្លីនៅមានកម្រិតនៅឡើយ ដែលវាជាការផ្តល់ឱកាសសម្រាប់បណ្តាអ្នកវិនិយោគទាំងនោះ”។
លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា បច្ចុប្បន្ននេះ បើនិយាយពីតម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោគឺបានកើនឡើងមួយកម្រិតធំរួចទៅហើយ ជាពិសេសកន្លែងដែលជាទីប្រជុំជន និងមានការអភិវឌ្ឍន៍រួចទៅហើយ។ ចំពោះដីដែលស្ថិតនៅតំបន់ទីប្រជុំជន ដូចជាចំណុចរង្វង់មូលគួរស្រូវ ចំណុចទីប្រជុំជនផ្សារចំការដូង ក៏ដូចជាផ្លូវបេតុងដែលឆ្ពោះទៅតំបន់ព្រៃស គឺមានតម្លៃចន្លោះចាប់ពី៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីតម្លៃនេះបន្តិចបន្ទួច។ ប៉ុន្តែបើចំពោះប្រភេទដីដែលនៅទំនេរ និងមានទំហំចាប់ពី១ហិកតាឡើងទៅ អាចមានតម្លៃចាប់ពី ៣៥ទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចំពោះប្រភេទដីលំនៅដ្ឋាន ឬជាប្រភេទដីឡូតិ៍ អាចមានតម្លៃរហូតដល់១៥០ដុល្លារក្នុងមួយការ៉េ។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ឱ្យដឹងផងដែរថា ដង្កោ គឺជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានភាពងាយស្រួល ក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។
លោកឧកញ៉ាបានបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
លោកឧកញ៉ា នួន រិទ្ធីបានបន្តថា អ្វីដែលធ្វើឱ្យខណ្ឌដង្កោ មានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់នេះងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ។
ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យ មានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើបAEON3 ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង១០នាទីមកដល់កណ្តាលរាជធានីភ្នំពេញ៕