ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ១០០ភាគរយជាផ្លូវការហើយ។
ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ ជាផ្លូវការហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមបើកប្រតិបត្តិការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
លោកម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោរួមមាន៖ វឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាព ការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពីPNH ទៅKTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម។
តាមរយៈកិច្ចប្រជុំនេះដែរ ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់នាពេលនេះ គឺជាពេលវេលានៃការបិទបញ្ជប់ ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃ ទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។
ក្រោយអាកាសយានដ្ឋានថ្មីនេះបើកដំណើរការ ព្រលានយន្តហោះចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទប្រតិបត្តិការទាំងស្រុង ដោយរដ្ឋនឹងរក្សាទីតាំងនេះ ទុកជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ។
ដំណើរការបិទបញ្ចប់ដំណាក់កាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបំណងប្រាថ្នារបស់ខ្លួន ក្នុងការលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ខណៈដែលការត្រៀមរៀបចំ សម្រាប់ការបើកសម្ពោធនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស៕