ដោយ រ៉ាណេត
ភ្នំពេញ៖ តំបន់បឹងជើងឯកដែលជាអតីតទីតាំងផ្ទុកទឹកកខ្វក់ ដែលបង្ហូរចេញពីរាជធានីភ្នំពេញ ដែលធ្លាប់ត្រូវបានខាងសាលាក្រុងប៉ារីស ធ្វើការសិក្សាប្រែក្លាយឱ្យទៅជាតំបន់បៃតងនោះ ពេលនេះត្រូវបានរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការសាងសង់ជាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជាជំហ៊ានដំបូងហើយ។
គម្រោងអភិវឌ្ឍថ្មីមួយនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រុមអ្នកជំនាញទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនចំនួន ២៥លានដុល្លារ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី បានមានប្រសសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែមេសានេះថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាលម្អិតទៅលើគម្រោងអភិវឌ្ឍមួយនេះ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងតែចាប់ផ្តើមដំនើរការជាជំហ៊ានដំបូង រួមជាមួយនឹងបន្តការសិក្សាលម្អិតបន្ថែម ទៅលើចំណុចទីតាំងជាក់លាក់ក្នុងការសាងសង់ស្ថានីយ៍ចម្រុះទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ។
-->
លោកបានបន្តថា ជាជំហ៊ានដំបូង អ្នកជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងចុះធ្វើការវាស់វែងដើម្បីបោះបង្គោលព្រំ និងកាយអាចម៍ដី ដែលចាក់រំលោភប្រឡាយ យកមកចាក់នៅតាមព្រំប្រឡាយ រួមជាមួយនឹងការកំណត់ទីតាំងជីកបង្កប់លូបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា “តាមរយៈស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី១ ដែលស្ថិតនៅភាគខាងត្បូងក្រុងមួយនេះ នឹងចូលរួមលើកកម្ពស់បរិស្ថាន លុបបំបាត់ទឹកកខ្វក់ចេញរាជធានីភ្នំពេញ ដែលវានឹងកាន់តែធ្វើឱ្យមានភាពល្អប្រសើរដល់សោភ័ណភាពក្រុង ក៏ដូចជាលើកកម្ពស់សុខមាលនៃការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ លោកបន្តថា “ការសាងសង់នេះត្រូវចំណាយពេលយូរ ព្រោះក្រៅពីធ្វើការប្រែនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ ត្រូវធ្វើការអភិវឌ្ឍនៅទីតាំងដែលត្រូវសាងសង់ស្ថានីយ៍ទៀត ដើម្បីជួយសម្រួលផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកជំនាញ”។
កាលពីពេលកន្លងទៅ អភិបាល នៃគណអភិបាលរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានពិភាក្សាស៊ីជម្រៅជាមួយមន្រ្តីជាន់ខ្ពស់ នៃសាលាក្រុងប៉ារីស ដើម្បីធ្វើការកែប្រែតំបន់បឹងជើងឯក ដែលជាអាងផ្ទុកទឹកកខ្វក់ចេញពីរាជធានីភ្នំពេញឱ្យក្លាយទៅជាតំបន់បៃតង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់ផងដែរ។ ការកំណត់យកភាគខាងត្បូង ជាទីតាំងជាទីតាំងសម្រាប់អភិវឌ្ឍគម្រោងនេះ ក៏ព្រោះទីនេះមានទំហ៊ុធំទូលាយ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ និងអាចជៀសផុតពីគ្រោះទឹកជំនន់។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានបង្ហាញពីការសាទរជាខ្លាំង ជាមួយនឹងគម្រោងអភិវឌ្ឍថ្មីមួយនេះ។ អ្នកនាងបានបញ្ជាក់ថា ការរៀបចំតំបន់ភាគខាងត្បូងរាជធានីជាតំបន់បៃតង ជារឿងដែលល្អបំផុត ព្រោះនៅពេលមានការអភិវឌ្ឍ សង្គមមានការរីកចម្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម័្ពន្ធតែម្ដង។ បច្ចុប្បន្ននេះចំពោះតំបន់ពាណិជ្ជកម្មចម្រុះ យើងឃើញមាននៅតំបន់បឹងកក់ ដូច្នេះបើមានតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានដទៃទៀតដូចដែលបានលើកឡើងនៅក្នុងគម្រោងខាងលើនេះគឺកាន់តែប្រសើរ។

អ្នកនាងបន្តថា “ខ្ញុំយល់ថា គ្រប់ការអភិវឌ្ឍទាំងអស់ ត្រូវតែមានគម្រោងលើការគ្រប់គ្រងឱ្យបានច្បាស់លាស់ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ ទាំងការកំណត់ស្ដង់ដាអគារ ទីតាំងចំណត ផ្លូវធ្វើដំណើរ ក៏ដូចជាទីធ្លាសាធារណៈ សម្រាប់ថ្ងៃអនាគត ព្រោះយើងក៏ធ្លាប់មានបទពិសោធន៍ដ៏ឈឺចាប់រួមមកហើយ ហើយបច្ចុប្បន្ននេះក៏នៅតែបន្តទទួលយកភាពស្មុគស្មាញ ដែលបន្សល់ពីបទពិសោធន៍ដែលឈឺចាប់នោះដដែល ជាក់ស្ដែងដូចជាវិស័យហេដ្ឋារចនាសម័ន្ធ ផ្លូវថ្នល់តែម្ដង”៕