ដោយៈ ម៉ាណា
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសថ្មី ចំនួន២ត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសកំពតហ្វូណន ដែលស្ថិតនៅលើផ្ទៃដីទំហំ៧២១ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ប៊ីនហៃព្រៃនប់ ក្នុងខេត្តព្រះសីហនុទំហំ២៣៤ហិកតា។
ជាមួយគ្នានេះ កម្ពជាកំពុងបោះជំហាន ឆ្ពោះទៅការធ្វើពិពិធកម្មឧស្សាហកម្មផលិត និងការនាំចេញ។ តួយ៉ាង ក្រុមហ៊ុនយក្សចិនBYD បានចាប់ផ្តើមសាងសង់ រោងចក្រផលិតយានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើតាមការសិក្សា ដែលបានបង្ហាញកាលពីសប្តាហ៍មុនដោយក្រុមហ៊ុនអន្តរជាតិCBRE Cambodia។
អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅដើមឆ្នាំ២០២៥នេះ កម្ពុជាបានទាក់ទាញអ្នកវិនិយោគជាច្រើន ដែលមានចំណាប់អារម្មណ៍វិនិយោគ លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសនានា ពិសេសនៅតាមបណ្តាញផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងបណ្តាញផ្លូវជាតិតភ្ជាប់ទៅកាន់ព្រំដែនជាមួយប្រទេសវៀតណាម។
លោកបញ្ជាក់ថា “ការស្វែងរកទិញដី នៅតាមផ្លូវសំខាន់ៗមានការកើនឡើងនៅដើមឆ្នាំនេះ ដូចជាតំបន់ផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ លេខ៤ជាដើម”៕