ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិក និងប្រទេសចិនជាក្បាលម៉ាសុីនរបស់សេដ្ឋកិច្ចសកល។ ហេតុនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចទាំង២ អាចជះឥទ្ធិពលលើទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។
ខាងក្រោមនេះជាសូចនាករ ដែលបង្ហាញពីសុខភាពសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិកក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥៖
ទី១: ប្រទេសចិន
កំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកបានកើនឡើងក្នុងរង្វង់៥,៣ភាគរយក្នុងឆមាសទី១ ឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ស្ថាប័នជំនាញនានា ដូចជា ធនាគារ ANZ បានធ្វើការបង្កើននូវការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនពេញមួយឆ្នាំ២០២៥ ដល់ក្នុងរង្វង់ចន្លោះពី៥,១ភាគរយទៅ៥,៣ភាគរយ។
ទិន្នផលក្នុងវិស័យឧស្សាហកម្មចិនបានកើនឡើងក្នុងរង្វង់៦,៤ភាគរយនៅក្នុងឆមាសទី១ ដោយសារកំណើននៃផលិតកម្មផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់។
ចំណែក ការនាំចេញទំនិញចិនបានកើនឡើង៥,៩ភាគរយនៅក្នុងឆមាសទី១។ ប្រទេសចិនបានបង្វែរទិសដៅនាំចេញទំនិញរបស់ខ្លួនទៅកាន់តំបន់អាស៊ាន សហភាពអឺរ៉ុប និងតំបន់អាហ្រ្វិក ស្របពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ ការវិនិយោគទ្រព្យសកម្មថេរ(Fixed-asset)បានកើនឡើង២,៨ភាគរយ ខណៈពេលដែលការលក់រាយបានកើនឡើង៥ភាគរយ។
យ៉ាងណាមិញ បញ្ហាប្រឈមនៅតែបន្តកើតមានចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន ស្របពេលការប្រើប្រាស់ក្នុងស្រុកមិនទាន់វិលទៅរកស្ថានភាពល្អប្រសើរខ្លាំងនៅឡើយ។
ជាមួយគ្នានេះ ការវិនិយោគលើអចលនទ្រព្យបានដាំក្បាលចុះ១១ភាគរយ។ សម្ពាធនៃវិបត្តិបរិត្តផរណាកំពុងកើនឡើង ដោយទាមទារឱ្យមានការទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលចិន។
ទី២: សហរដ្ឋអាមេរិក
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំចំនួន០,៥ភាគរយកាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកនៅក្នុងត្រីមាសទី២ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយ។
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចជាមធ្យមរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹមចន្លោះពី១,៤ភាគរយទៅ១,៥ភាគរយ បើធៀបនឹងការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៨ភាគរយកាលពីឆ្នាំមុន។
អត្រាអតិផរណានៅតែមានកម្រិតលើសពីគោលដៅចំនួន២ភាគរយរបស់ធនាគារកណ្តាលអាមេរិក(Fed) ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) ស្ថិតក្នុងរង្វង់ចន្លោះពី២,៦ភាគរយទៅ២,៩ភាគរយ។
អត្រាភាពអត់ការងារធ្វើនៅតែមានកម្រិតទាបក្នុងរង្វង់៤,១ភាគរយ។ ប៉ុន្តែ អត្រានេះត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ក្នុងរង្វង់៤,៥ភាគរយនៅឆ្នាំ២០២៦ខាងមុខ។
បណ្តាធនាគារធំៗនៅសហរដ្ឋអាមេរិកសម្រេចបានកំណើនប្រាក់ចំណូលប្រចាំត្រីមាសទី២។ តួយ៉ាង ធនាគារ JPMorgan សម្រេចបានកំណើនប្រាក់ចំណូលក្នុងរង្វង់៨ភាគរយ ខណៈធនាគារ Citi សម្រេចបានកំណើនប្រាក់ចំណូលក្នុងរង្វង់២៥ភាគរយ។ រីឯ ធនាគារ Wells Fargo សម្រេចបានកំណើនប្រាក់ចំណូលក្នុងរង្វង់១២ភាគរយ។
ទោះជាយ៉ាងណា ស្ថាប័ន Fitch បានទាញទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់សហរដ្ឋអាមេរិក ស្របពេលមានការកើនឡើងនូវឱនភាពថវិកា និងភាពមិនច្បាស់លាស់នៃពន្ធគយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕ប្រភព: FT & Reuters & China Briefing៕