ដោយ វុត្ថា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅក្នុងចំពោះមុខប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសជាច្រើនរូបនៅក្នុងវេទិកាកំពូលលើកទីពីស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ថាប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ និងការអភិវឌ្ឍន៍ជាច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន។
ថ្លែងក្នុងពេលអញ្ជើញបើកវេទិកាកំពូលលើកទីពីស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ដែលបានប្រារព្ធឡើងនៅក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៦ មេសា ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយ។
សម្តេចបានលើកឡើងពីភាពជោគជ័យនៃការការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគដ៏ធំរបស់ចិន និងជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការខ្សែក្រវាត់មួយ និងផ្លូវមួយ រវាងប្រទេសទាំងពីរ។
សម្តេចបញ្ជាក់ថា គម្រោងទាំងនេះទទួលបានជោគជ័យ ល្អប្រសើរ ហើយបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៦១ កំពុងធ្វើសហប្រតិបត្តិការ ក្នុងនោះ មានក្រុមហ៊ុនចិនចំនួន១៤៨ និងបង្កើតការងារជូនប្រជាជនកម្ពុជា ប្រមាណជាង២ម៉ឺននាក់។ ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ជំហាន២ អាចនឹងបង្កើតការងារជូនប្រជាជន៨ម៉ឺននាក់បន្ថែមទៀត។ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងក្លាយទៅជាកម្លាំងចលករមួយចូលរួមកែប្រែសេដ្ឋកិច្ចកម្ពុជា និងបង្កើនការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ក៏ជាសមិទ្ធផលដ៏សំខាន់មួយដែលកើតចេញពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» នេះផងដែរ។
សម្តេចតេជោមានជំនឿយ៉ាងមុតមំាថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” កំពុងបង្កើតកម្លាំងចលករថ្មី សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់និងលើសកលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចជោថា “ក្នុងស្មារតីនេះ យើងពិតជាមានតម្រូវការចាំបាច់ក្នុងការជំរុញកសាងសាមគ្គីភាពនិងការយោគយល់គ្នា ដោយផ្អែកលើតម្លៃនៃគុណធម៌ សាមគ្គីភាព មិត្តភាព និងជំនឿទុកចិត្ត និងសមភាព នៅក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជនរបស់យើង”។
ប្រមុខរដ្ឋឬអ្នកដឹកនាំកំពូលនៃរដ្ឋាភិបាល ចំនួន៣៧រូបនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលតុមូលនៃវេទិកាកំពូលលើកទី២ស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមេសាខាងមុខនេះ។
គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយ និងផ្លូវមួយត្រូវបានដាក់ចេញដោយប្រធានាធិបតីចិន លោកហ្សី ជីនពីងកាលពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេលជិត៦ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយ និងផ្លូវមួយបានប្រែពីគោលបំណងទៅជាការពិតជាក់ស្តែង ដោយមានប្រទេសចំនួន១២៦បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ និងមានអង្គការអន្តរជាតិចំនួន២៩បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនៃខ្សែក្រវាត់មួយនិ ងផ្លូវមួយជាមួយភាគីចិន មិត្តភក្តិរបស់ប្រទេសចិន បានគ្របដណ្តប់ទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប អូសេអានីនិងអាមេរិកឡាទីន៕






