ដោយ រ៉ាណេត
ភ្នំពេញ៖ បច្ចុប្បន្ននេះភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា ពិសេសក្រុងភ្នំពេញ ដែលកំពុងតែមានភាពរីកចម្រើនខាងវិស័យសំណង់ ក៏ដូចជាវិស័យអចលនទ្រព្យយ៉ាងផុសផុល ប៉ុន្តែរាល់ការរីកដុះដាលនៅសំណង់អគារគឺស្ថិតនៅចំរុះលាយគ្នា ដោយមិនទាន់មានការបែងចែកដាច់ដោយឡែកពីគ្នារវាង តំបន់អគារពហុពាណិជ្ជកម្ម ផ្សារទំនើប សំណង់លំនៅដ្ឋាន និងអាគារពាណិជ្ជកម្មបែបកម្សាន្តនៅឡើយនោះទេ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩កន្លងមកថា ចំពោះការបែងចែកជាតំបន់ សម្រាប់ការសាងសង់នូវប្រភេទសំណង់ ឬតំបន់អាជីវកម្មឱ្យស្របទៅនឹងប្រទេសអភិវឌ្ឍដទៃទៀតនោះ គឺនៅមិនទាន់អាចធ្វើទៅបាននោះទេ។
លោកបន្តថា យើងទទួលស្គាល់ថា នៅតាមបណ្តាប្រទេសជឿនលឿន និងប្រទេសអភិវឌ្ឍនានា គឺគេមានបែងចែកជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់សំណង់ខុនដូ តំបន់កម្សាន្ត និងតំបន់ផ្សារទំនើបជាដើម ដែលការបែងចែកនេះក៏ជាផ្នែកមួយជួយលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងរបស់រដ្ឋបាលតំបន់ និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។
លោកបន្តថា “បើសម្រាប់ប្រទេសកម្ពុជា ដែលយើងកំពុងតែស្ថិតនៅក្នុងកម្រិតប្រទេសកំពុងអភិវឌ្ឍនៅឡើយនោះ គឺនៅមិនទាន់អាចធ្វើទៅបាននោះទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្ដង”។ លោកបានបន្តទៀតថា “សម្រាប់រាជធានីភ្នំពេញ គឺមិនអាចធ្វើការបែងចែកបាននោះទេ ដោយសារតែមានចំរុះនូវប្រភេទសំណង់ផ្សេងៗលាយគ្នាជាច្រើន ហើយបើទោះបីជាមានការពង្រីកវិសាលភាពរាជធានី ឱ្យធំក៏នៅតែមិនទាន់អាចកំណត់បែងចែកនូវប្រភេទសំណង់បានដែរ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍធំៗរបស់ក្រុមហ៊ុន លី យ៉ុងផាត់ និងក្រុមហ៊ុន OCIC ជាដើម ដែលសុទ្ធតែជាប្រភេទការអភិវឌ្ឍចេញរូបរាងជាទីក្រុងថ្មី ក៏សុទ្ធតែមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធចំរុះគ្នាទាំងអស់”។
ដូច្នេះចំពោះការបែងចែកចេញពីគ្នា រវាងប្រភេទសំណង់ពាណិជ្ជកម្មចំរុះ សំណង់លំនៅដ្ឋាន សំណង់ពាណិជ្ជបែបកម្សាន្ត ក៏ដូជាតំបន់ផ្សារទំនើប គឺមិនទាន់អាចកំណត់បាននោះទេ ប៉ុន្តែចំពោះការបែងចែកជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម និងឃ្លាំង គឺអាចធ្វើបាន ជាក់ស្ដែងបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចចេញសេចក្ដីប្រកាសរួចជាស្រេច ដោយតម្រូវឱ្យវិស័យទាំង៤ខាងលើនេះ ផ្លាស់ប្ដូរទីតាំងទៅកាន់តំបន់ជាយក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុង ដើម្បីកាត់បន្ថយការកកស្ទះ ជួយសម្រួលដល់ការដឹកជញ្ជូន និងមានសណ្ដាប់ធ្នាប់ល្អ»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការលើកឡើងរបស់អ្នកវិភាគគឺក្នុងន័យផ្សេងៗគ្នា ប៉ុន្តែក្នុងនាមជារដ្ឋបាលក្រុងគឺយើងធ្វើអ្វីៗគោរពទៅតាមប្លង់មេ ជាពិសេសការអភិវឌ្ឍន៍ក្រុងគឺត្រូវតែគោរព និងអនុវត្តតាមប្លង់គោលដែលទទួលស្គាល់ និងគាំទ្រអនុម័តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
លោកបានបន្តទៀតថា កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសរួចទៅហើយ ដោយសុំឱ្យមានការផ្លាស់ប្ដូរទីតាំងបណ្តារោងចក្រ សហគ្រាស ឃ្លាំង និងផ្នែកឧស្សាហកម្មជាដើម ឱ្យទៅកាន់តំបន់ជាយក្រុង ជាពិសេសនៅតាមបណ្តាផ្លូវសំខាន់ៗ ដែលបម្រើដល់ការដឹកជញ្ជូនក្នុងទ្រង់ទ្រាយធំ ដើម្បីផ្តល់ភាពងាយស្រួលដល់ដំណើរការផលិតកម្ម ជាពិសេស រៀបចំសណ្តាប់ធ្នាប់ក្រុងឱ្យមានភាពល្អប្រសើរ។

លោកបន្តថា ប៉ុន្តែចំពោះការកំណត់ទៅលើតំបន់ សំណង់អាគារពាណិជ្ជកម្ម តំបន់សំណង់លំនៅដ្ឋាន ឬតំបន់សំណង់ផ្សារទំនើប ដែលក្រៅពីគម្រោងស្ថិតនៅក្នុងប្លង់គោលរួម គឺមិនទាន់មាននោះទេ លើកលែងតែមានកក្តាដែលប្រឈមជាក់ស្ដែងចំពោះមុខ ឬការរំពៃមើលឃើញពីផលប៉ះពាល់ដូចជាករណីរោងចក្រ និងសហគ្រាសខាងលើជាដើម៕






