ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិនក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
យោងតាមការចុះផ្សាយតាមគេហទំព័ត៌ហ្វេសបុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នរបស់កម្ពុជាជាមួយភាគីធនាគាចិនដូចជា៖ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ , លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឧកញ៉ា ពុង ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅក្នុងពិធីទស្សនកិច្ច និងចូលរួមធ្វើជាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារខាងលើនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះបានឲ្យដឹង ដោយសារតែមានភាពរឹងមាំនៃចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនោះហើយ ដែលបានជំរុញឲ្យបណ្តាធនាគារ និងក្រុមហ៊ុនចិនជាច្រើន បានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសទៅទៀតនោះ តាមរយៈវត្តមានរបស់ធនាគារចិននេះហើយ ដែលជំរុញឲ្យក្រុមហ៊ុនចិនជាច្រើន បានទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន វារីអគ្គិសនី រោងចក្រ សហគ្រាសតូចធំ និងសមិទ្ធផលសង្គមដទៃទៀត។
ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
នៅឆ្នាំ២០១៨ កម្ពុជានិងចិន បានរៀបចំនូវសកម្មភាពយ៉ាងអធឹកអធម អបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលរួមមាន ១)ការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល ២)ពិធីជប់លៀងនៅស្ថានទូតចិន ក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ព្រមទាំងជារឿយៗប្រទេសទាំង២ តែងតែមានការផ្លាស់ប្តូរទស្សនកិច្ច ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរផងដែរ៕