ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចិនធំៗចំនួន១៥ បាននិងកំពុងធ្វើវិនិយោគក្នុងខេត្តសៀមរាប នៅក្នុងវិស័យទេសចរណ៍ សុខាភិបាល និងពាណិជ្ជកម្ម។
លោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី នៅក្នុងជំនួបពិភាក្សាជាមួយ លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តកាលពីពេលថ្មីៗនេះ ក៏បានលើកផងដែរ ពីកិច្ចដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមទាំងការចូលរួមធ្វើការសម្អាតបរិស្ថាននៅតាមដងស្ទឹង ដងផ្លូវដោយបាន ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ និង ស្រុកសូទ្រនិគម។
ក្នុងកិច្ចពិភាក្សានោះដែរ ក្រុមហ៊ុនមួយចំនួនក៏បានលើកឡើងពីផលលំបាកក្នុងការធ្វើអាជីវកម្ម ចំពោះរាល់ផលិតផលមួយចំនួនដែលបានកំពុងធ្វើចរាចរណ៍ក្នុងខេត្តសៀមរាប មានលក្ខណៈក្លែងបន្លំស្លាកយីហោ ដែលធ្វើឲ្យប៉ះពាល់ដល់ការលក់ដូរនូវផលិតផលរបស់ក្រុមហ៊ុន ។
-->
ចំពោះការងារសុខាភិបាលក៏បានលើកអំពីបញ្ហាការសុំនាំនូវ ឱសថចូល សម្រាប់ព្យាបាលខ្យល់គរ និង ការលើកឡើងអំពីបញ្ហាកង្វះនូវថាមពលអគ្គិសនីផ្គត់ផ្គង់ របស់រោងមហោស្រពអាណាចក្រអង្គរ ព្រមទាំងមានការព្រួយបារម្ភចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាប ក្នុងរយៈពេល៣ខែនេះ។
លោក Lu Yanwen ក៏បានគូសបញ្ជាក់ថា ការមកបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា របស់បណ្តាក្រុមហ៊ុនចិន សំខាន់នៅខេត្តសៀមរាប ក្នុងការចូលរួមលើកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៅកម្ពុជាឲ្យមានការរីកចម្រើន ហើយពួកគាត់ក៏បានកំពុងធ្វើការទាក់ទាញដល់អ្នកវិនិយោគចិន ចូលមកខេត្តសៀមរាប ដើមី្បធ្វើការសិក្សាអំពីវិស័យទេសចរណ៍ និង កសិកម្មនៅខេត្តសៀមរាបផងដែរ។
លោក ទៀ សីហា ក៏បានធ្វើការថ្លែងនូវអំណរគុណ ចំពោះក្រុមហ៊ុនចិនទាំង១៥ ដែលបានចូលមកធ្វើការ វិនិយោគនៅខេត្តសៀមរាប ក៏ជាការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងបង្ករនូវការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ទៀតផង ។ កិច្ចការនេះក៏ប្រទេសយើងទាំងពីរ ឈរលើ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ក្នុងការឆ្ពោះទៅកិច្ចអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនវិស័យ សេដ្ឋកិច្ចនៅកម្ពុជា។

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា រាប់បញ្ហាដែលគ្រប់បណ្តាក្រុមហ៊ុនចិន ដែលបានលើឡើងនៅក្នុងពេលនេះ អាជ្ញាធរខេត្តនឹងជម្រុញដល់មន្ទីរ អង្គភាពជំនាញ ចុះធ្វើការត្រួតពិនិត្យ ចំពោះរាល់ផលិតផលនានា ដែលបានកំពុងធ្វើ ចរាចរណ៍នៅក្នុងទីផ្សារនៅខេត្តសៀមរាប អំពីស្លាកសញ្ញា ក្រុមហ៊ុនផលិត ដែលជាចំណោទបញ្ហាដ៏ធំបំផុតចំពោះបញ្ហាសុខភាពរបស់ ប្រជាពលរដ្ឋ និង ភ្ញៀវអ្នកប្រើប្រាស់៕