ដោយៈ សហសេវិក
ភ្នំពេញៈ ការដ្ឋានសំណង់ព្រែកជីកហ៊្វូណន-តេជោ បានរំកិលពេលវេលាបានមួយឆ្នាំហើយ ស្របពេលផែនការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨។
Fresh Exclusive មានអត្ថបទស៊ីជម្រៅតាមដានភាពវិវត្តន៍ និងចក្ខុវិស័យនៃសំណង់ ដែលនឹងផ្តល់ផលប្រយោជន៍ជាតិ និងអន្តរជាតិនេះ។
នៅពេលដែលផ្លូវពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងកំណត់ទិសដៅថ្មីនៃអំណាច និងឥទ្ធិពលប្រកួតប្រជែងសេដ្ឋកិច្ច ខណៈប្រទេសមួយចំនួន បានប្រើប្រាស់សមុទ្រពិភពលោក ជាឧបករណ៍បង្កើតអំណាច ដើម្បីគ្រប់គ្រងខ្សែសរសៃពាណិជ្ជកម្មទៀតផងនោះ, កម្ពុជាកំពុងបើកទ្វារថ្មីមួយរបស់ខ្លួនឯង។ គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាវិស័យយុទ្ធសាស្ត្រដ៏អស្ចារ្យ ដែលនឹងដោះស្រាយភាពពឹងផ្អែកជាប្រវត្តិសាស្ត្រលើច្រកសមុទ្របរទេស និងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថែមទៀត។
គម្រោងព្រែកជីកហ៊្វូណន-តេជោ ប្រវែងប្រមាណ១៨០គីឡូម៉ែត្រ មិនត្រឹមជាផ្លូវទឹកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃឯករាជ្យសេដ្ឋកិច្ច និងសេរីភាពយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់កម្ពុជា និងតំបន់ទាំងមូល។ គម្រោងនេះ មានតម្លៃវិនិយោគជិត២ពាន់លានដុល្លារ ដែលនឹងភ្ជាប់ទន្លេមេគង្គ តាមរយៈព្រែកជីកនេះលាតសន្ធឹងរហូតដល់ឆ្នេរសមុទ្រខេត្តកែប ដោយការបើកផ្លូវទឹក សម្រាប់កប៉ាល់ដឹកទំនិញមានទំហំរហូតដល់ច្រើនពាន់តោន។
ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមជាការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនទំនិញរបស់កម្ពុជាទេ ប៉ុន្តែជាស្តង់ដារថ្មី ក្នុងការបង្កើតអំណាចសេដ្ឋកិច្ច សន្តិសុខអាហារ និងអនុភាពយុទ្ធសាស្ត្ររបស់ប្រទេស តភ្ជាប់កម្ពុជាជាមួយខ្សែក្រវាត់វិនិយោគពិភពលោក។
* ប្រែក្លាយទឹកដីកម្ពុជា ក្លាយជាកម្រងសរសៃឈាមដឹកជញ្ជូនទឹក
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កាលពីឆ្នាំទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងនេះ ដោយលើកឡើងនូវចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមគម្រោង ដើម្បីបង្កើតបណ្តាញផ្លូវទឹកជាតិ ដែលអាចបន្ថែមសមត្ថភាពនៃការដឹកជញ្ជូន និងពង្រឹងឥទ្ធិពលនាវាចរណ៍ផ្ទាល់ខ្លួនរបស់កម្ពុជា។
គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ វាមានរយៈពេលមួយឆ្នាំហើយ នៃការរៀបចំជីកព្រែកធ្វើសំណង់ នៃសសៃឈាមដឹកជញ្ជូនតាមផ្លូវទឹកនោះ។
សំណង់ព្រែកជីកហ៊្វូណន-តេជោ នឹងត្រូវឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប ចាប់ផ្តើមពីព្រែកតាកែវ (ទន្លេមេគង្គ) ឆ្លងកាត់ព្រែកតាឯក និងព្រែកតាហ៊ីង (ទន្លេបាសាក់ ស្រុកកោះធំ) ហើយបន្តរហូតដល់ឆ្នេរសមុទ្រខេត្តកែប។ សំណង់ផ្លូវទឹកដ៏សំខាន់នេះ ដែលកំពុងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ច នៃការដឹកជញ្ជូនជាតិ ត្រូវបានគ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨។
វាមានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ ជាមួយប្រជាជនជាង១,៦០០,០០០នាក់ រស់នៅតាមបណ្តោយទ្វេភាគីផ្លូវទឹក។ បន្ទាប់ពីសាងសង់រួច នាវាដឹកទំនិញនឹងអាចចូលចតបាន ដោយសមត្ថភាពផ្ទុកប្រមាណ៣,០០០តោន (DWT) ក្នុងរដូវប្រាំង និងរហូតដល់៥,០០០តោនក្នុងរដូវវស្សា បង្ហាញពីសក្តានុពលដ៏អស្ចារ្យ ក្នុងការកសាងបណ្តាញដឹកជញ្ជូនផ្លូវទឹកជាតិសម្រាប់កម្ពុជា។
អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសចុះបោះបង្គោល បញ្ចប់ចុងក្រោយ នៃការងារកំណត់និយាមការក្នុងភូមិសាស្ត្រខេត្តកែបបានបញ្ជាក់ថា ការដឹកជញ្ជួនផ្លូវទឹកនេះ គឺជាគម្រោងដ៏សំខាន់របស់រាជរដ្ឋាភិបាល “រាជរដ្ឋាភិបាលយើង មានគោលការណ៍ គឺចង់ផ្លាស់ប្តូរការដឹកជញ្ជួនតាមផ្លូវគោក មកផ្លូវទឹកឱ្យបានច្រើន ដើម្បីកាត់បន្ថយការខូចខាតផ្លូវ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឧស្ម័នបំពុលដល់បរិស្ថាននេះ ដោយសារតែយើងដឹកបានច្រើន និងការប្រើឡានតិច”។ លោកបន្ថែមថា “ដូច្នេះវាកាត់បន្ថយ បានច្រើនណាស់។ គម្រោងរបស់យើងនៅតែទៅមុខ ជាដដែលចប់នៅក្នុងឆ្នាំ២០២៨”។
បន្ថែមពីការជួយកាត់បន្ថយការកកស្ទះ លើការធ្វើចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការបំភាយឧស្ម័នកម្រិតទាប ដែលប៉ះពាល់ដល់កត្តាបរិស្ថាន ព្រែកជីកក្នុងសតវត្សរ៍ថ្មីនេះ នឹងជួយការអភិវឌ្ឍក្នុងតំបន់ផងដែរ ដែលគេនឹងឃើញនូវសហគមន៍នៅតាមដងព្រែក មួយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍កាន់តែប្រសើរឡើង និងកម្រិតជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែខ្ពស់។
ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែជាប្រភពផ្លូវដឹកជញ្ជួនឯករាជ្យ, ជួយបង្កើនជីវភាពសេដ្ឋកិច្ច តាមរយៈផ្លូវទឹក ដែលតភ្ជាប់ផ្ទាល់ពីទន្លេមេគង្គ ទៅសមុទ្រខាងត្បូងប៉ុណ្ណោះទេ ច្រកទឹកនៃសតវត្សទី២១របស់កម្ពុជានេះ គឺជាការបំប្លែងលក្ខណៈដែនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលអាចកាត់បន្ថយ ការពឹងផ្អែកលើច្រកសមុទ្រអន្តរជាតិ ដែលធ្លាប់តែគ្រប់គ្រងដោយប្រទេសជិតខាង និងវានឹងជួយជម្រុញឱ្យកម្ពុជា ក្លាយជាចំណុចចាប់ផ្ដើម នៃការចេញចូលនាវាចរណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។
បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ត្រូវពឹងផ្អែកលើប្រទេសវៀតណាមជាចម្បង ក្នុងនាមជាច្រកឆ្លងសំខាន់។ មានន័យថា ការដឹកទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទីបី ត្រូវឆ្លងកាត់ផ្លូវទឹករបស់វៀតណាមជាមុនសិន ហើយបន្ទាប់មកទើបអាចឆ្លងទៅប្រទេសគោលដៅបាន។
ដូចគ្នានេះផងដែរ ទំនិញនាំចូលពីបរទេស ក៏ត្រូវឆ្លងកាត់កំពង់ផែរបស់វៀតណាមជាមុន មុននឹងបញ្ជូនចូលមកដល់កម្ពុជា។
ក្នុងមួយឆ្នាំៗ ការដឹកជញ្ជួនផ្លូវទឹកក្នុងកំពង់ផែភ្នំពេញ មានច្រើនដល់ ៤៧៥,០០០ TEUs ខណៈកំពង់ផែសមុទ្រមានសមត្ថភាពដល់ទៅ ១លានTEUs។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានថ្លែងថា បើសិនជាការអភិវឌ្ឍផ្លូវទឹក តាមរយៈព្រែកជីកហ៊្វូណន-តេជោ បានសម្រេចទាំងស្រុងហើយនោះ ខេត្តទាំងបួន គឺកណ្តាល តាកែវ កំពត និងកែប នឹងទទួលផលប្រយោជន៍ផ្ទាល់ជាប្រចាំ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “យើងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹករយៈពេល១០ឆ្នាំ ដែលសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានឯកភាពជាផ្លូវការហើយ”។
លោកបន្ថែមថា គោលនយោបាយនេះ មានបំណងប្តូរផ្លូវទឹក ឱ្យក្លាយជាវិស័យយុទ្ធសាស្ត្រសំខាន់ សម្រាប់ការដឹកជញ្ជូនជាតិ ពីព្រោះផ្លូវគោក មិនអាចធ្វើតួនាទីយុទ្ធសាស្ត្របានទេ។ ជាក់ស្តែងការដឹកជញ្ជូនតាមរថភ្លើងក៏ជួបឧបសគ្គ ដោយសារមិនមានផ្លូវភ្ជាប់ទៅឡាវ ឬថៃ ដែលជារបាំងច្រកចេញរបស់ទំនិញ។ ផ្ទុយទៅវិញ ការដឹកជញ្ជូនតាមផ្លូវទឹក មានអានុភាពនិងទូលំទូលាយខ្ពស់ និងមិនមានការបិទបាំងច្រកដូចផ្លូវគោក ឬរថភ្លើងឡើយ។ ដូច្នេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវតម្រង់ទិសអភិវឌ្ឍផ្លូវទឹក ឱ្យក្លាយជាច្រកដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់។
លោកបន្តថា “ការអភិវឌ្ឍនេះ ត្រូវការសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាថាកម្ពុជាអាចជាអ្នកកាន់កាប់ផ្លូវដឹកជញ្ជូនផ្ទាល់ដោយខ្លួនឯង”។
* គម្រោងជាតិ នៃភាពជោគជ័យលើកដំបូង
បច្ចុប្បន្នគម្រោងនេះ កំពុងសម្រេចបានវឌ្ឍនភាពជាបណ្តើរ ជាមួយនឹងការបញ្ចប់ទាំងស្រុង នូវសកម្មភាពបោះបង្គោលនិយាមកា និងពិនិត្យផ្ទៀងផ្ទាត់ ទីតាំងក្នុងទឹកដីខេត្តទាំងបួន ដែលសំណង់ព្រែកជីកនឹងត្រូវឆ្លងកាត់។
សរុបរួចមកនេះ គឺមានបង្គោលចំនួន១,៩២០បង្គោល ត្រូវបានបោះរួចរាល់ ដែលបង្ហាញពីស្មារតីការងារយ៉ាងសកម្ម និងការរួមចំណែកយ៉ាងខ្ពង់ខ្ពស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងសេដ្ឋកិច្ច និងប្រជាពលរដ្ឋនៅតាមបណ្តោយព្រែកជីក នៃប្រវែង១៨០គីឡូម៉ែត្រនេះ។
គម្រោងនេះ មិនត្រឹមតែជាច្រកផ្លូវទឹក នៃការធ្វើពាណិជ្ជកម្មរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រយោជន៍ នៃការរួមបញ្ចូលគំនិតធារាសាស្ត្រសម្រាប់កសិកម្មលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍអភិរក្សបរិស្ថានថែមទៀត។
ព្រែកជីកហ៊្វូណន-តេជោ នឹងជួយកាត់បន្ថយភាពក្រីក្រតាមបណ្តោយខ្សែសេដ្ឋកិច្ចមួយនេះ ព្រមទាំងបង្កើតឱកាសការងារ និងផ្លាស់ប្តូរអាជីវកម្មជាតិ។ ខណៈសំណង់ព្រែកជីកហ៊្វូណន-តេជោ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨ កិច្ចការប្រើគ្រឿងចក្រក្នុងការជីកព្រែក នឹងត្រូវប្រើប្រាស់រយៈពេល៣ឆ្នាំ បន្តបន្ទាប់ជាប់គ្នានៅក្នុងរដូវប្រាំង មានន័យថារដូវនៃការប្រើគ្រឿងចក្រ ដើម្បីទម្លាយផ្លូវទឹកក្នុងខេត្តទាំងបួនឱ្យមានភាពតភ្ជាប់គ្នា នឹងចាប់ផ្តើមនៅក្នុងខែ១១ ឬ១២ឆ្នាំ២០២៥នេះ។
ដូចប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែកក្កដាកន្លងមកនេះ “សព្វថ្ងៃយើងនៅក្នុងរដួវវស្សា។ យើងត្រៀមនៅពេលទឹកស្រក ទៅយ៉ាងយូរខែ១១ ឬខែ១២ គឺយើងនឹងឃើញសកម្មភាពទ្រង់ទ្រាយធំ ក្នុងការកសាងព្រែកជីករបស់យើងនេះ”។
លោកបញ្ជាក់បន្តថា អញ្ចឹងយើងត្រូវការ៣រដូវប្រាំង។ អញ្ចឹងវានឹងចាប់ផ្តើមពីខែ១២ ឆ្នាំ២០២៥នេះ ទៅរហូតដល់ឆ្នាំ២០២៦ ២០២៧ ២០២៨ គឺថាគម្រោងនេះធ្វើចប់។ នេះតាមការគ្រោងទុកនឹងចប់ក្នុងឆ្នាំ២០២៨។ ដូច្នេះគឺនឹងឃើញគ្រឿងចក្រធំៗ ចូលមកហើយក្នុងពេលរដូវប្រាំងរបស់យើង។
គម្រោងព្រែកជីកហ៊្វូណន-តេជោ គឺជាព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្តជាតិមួយក្នុងសតវត្សថ្មី ដែលរួមបញ្ចូលចក្ខុវិស័យ នយោបាយ សេដ្ឋកិច្ច បរិស្ថាន និងអភិវឌ្ឍន៍មនុស្សទាំងស្រុង។ កម្ពុជា កំពុងឈានទៅរកការបង្កើន អំណាចសេដ្ឋកិច្ចរបស់ខ្លួនដ៏ធំមួយ តាមរយៈផ្លូវទឹកដែលបង្កើតដោយខ្លួនឯង។
* ផលប្រយោជន៍ជាតិ៖ បម្រើវិស័យកសិកម្ម និងវារីវប្បកម្ម
ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែជាព្រែកជីកនៃការជម្រុញវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ។ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់កម្ពុជា យ៉ាងហោចចំនួន៤យ៉ាង ដូចជា ទី១ ផ្តល់ការងាយស្រួលដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា សម្រាប់តភ្ជាប់ទៅសមុទ្រ ដោយផ្ទាល់តែម្តង ដោយមិនឆ្លងកាត់ប្រទេសផ្សេង ហើយក៏បានផ្តល់ជាប្រយោជន៍សេដ្ឋកិច្ចនៅទិសនិរតី ក៏ដូចទូទាំងប្រទេសឲ្យមានរីកចម្រើនផងដែរ។
ទី២- នៅទិសនីរតីរបស់កម្ពុជា នឹងមានប្រព័ន្ធស្រោចស្រពមួយជំនួសឲ្យការខ្វះទឹក។ នៅពេលដែលកម្ពុជា មានព្រែកជីកហ៊្វូណន-តេជោនេះ វាគឺជាប្រភពផ្គត់ផ្គង់ទឹកនៅទិសនីរតីរបស់កម្ពុជា ដែលរួមមានខេត្តកណ្តាល ខេត្តតាកែវ កំពត និងកែប។ ព្រែកជីកហ៊្វូណន-តេជោ ក៏អាចទាញប្រយោជន៍ ទៅខេត្តកំពង់ស្ពឺបានដែរ នៅពេលដែលតំបន់នោះខ្វះខាតទឹកដូចបច្ចុប្បន្ននេះ។ ព្រែកជីកហ៊្វូណន-តេជោ នឹងធ្វើឱ្យផ្ទៃស្រែ នៅទិសនិរតីនឹងក្លាយទៅជាការធ្វើស្រូវម្តង ទៅពីរដង ឬ បីដងជាដើម។
ទី៣- ព្រែកជីកហ៊្វូណន-តេជោ គឺជាព្រែក ដែលនឹងរំដោះទឹកជំនន់នៅពេលដែលវាយលុក នៅទិសនីរតីដែលកន្លងមកធ្លាប់បានជួបប្រទះក្តីលំបាក។ ខេត្តទិសនីរតី ក្នុងអតីតកាលជាតំបន់ តែងតែលិច ដោយសារតែអត់មានកន្លែងជម្លៀសទឹក។ នៅពេលដែលមានទឹកជំនន់ខ្លាំង សូម្បីតែវៀតណាម ដែលជាប់នឹងកម្ពុជាផ្នែកទិសនីរតី ក៏ទទួលរងផលប៉ះពាល់ពីទឹក ដែលហូរទៅពីកម្ពុជាផងដែរ។
ប៉ុន្តែនៅពេលដែលកម្ពុជា មានព្រែកជីកថ្មី ដែលភ្ជាប់ទៅនឹងសមុទ្រនេះ គឺនៅខែវស្សាទឹកច្រើន វាអាចរុញទម្លាក់ទឹកចូលទៅក្នុងសមុទ្រ ដែលធ្វើឲ្យការលិចលង់នៅបែកនីរតីរបស់កម្ពុជា ត្រូវបានកាត់បន្ថយរួមទាំងកាត់បន្ថយទឹក ដែលរុញធ្លាក់ទៅវៀតណាមផងដែរ។
ទី៤- ជាមួយនឹងផលប្រយោជន៍នេះ បញ្ហាវារីវប្បកម្ម ទាក់ទងទៅដល់ត្រី នឹងកើត សាយកូនដែលមានមិនត្រឹមតែនៅក្នុងទន្លេ ប៉ុន្តែរីកសាយត្រីដ៏ច្រើនថែមទៀត នៅក្នុងព្រែកជីក របស់កម្ពុជានេះ។ បន្ថែមនៅលើនោះ ប្រជាជនអាចមានលទ្ធភាពប្រើប្រាស់ទឹក ដែលមាននៅក្នុងព្រែកជីកថ្មី ក្នុងប្រយោជន៍ធ្វើវារីវប្បកម្មចិញ្ចឹមត្រី ចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ជីវភាពប្រជាជន ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងចាត់ទុកថា ព្រែកជីកហ៊្វូណន-តេជោ គឺជាសំណង់ព្រែកជីក ដែលមិនត្រឹមតែមានលក្ខណៈជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែមានសារៈសំខាន់ដ៏ខ្លាំងបម្រើជាយុទ្ធសាស្ត្រដល់សេដ្ឋកិច្ចជាតិ “នេះជាគម្រោងប្រវត្តិសាស្ត្រ គម្រោងយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយតម្លៃដឹកទំនិញ ការកាត់បន្ថយគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលពេលនេះរដូវវស្សា តាកែវលិច…ឥឡូវធ្វើហើយ អត់មានលិចទឹកទៀតទេ…ហើយប្រជាជនយើងដែលរស់នៅតាមដងព្រែកនេះ មួយលាន៦សែននាក់ លោកនឹងអាស្រ័យផលពីព្រែកជីកនេះ។
លោកបញ្ជាក់ថា “អញ្ចឹងគម្រោងប្រវត្តិសាស្ត្រ គម្រោងយុទ្ធសាស្ត្ររបស់កម្ពុជាយើង”។
* ផលប្រយោជន៍អន្តរជាតិ និងអាស៊ីអាគ្នេយ៍
ព្រែកជីកហ៊្វូណន-តេជោ នេះអាចក្លាយជាគន្លងដឹកជញ្ជូនថ្មីនៅក្នុងបណ្តាញអនុតំបន់ទន្លេមេគង្គ ដែលតភ្ជាប់ទីផ្សារកម្ពុជា ឬប្រទេសជិតខាងដូចជាប្រទេសឡាវជាដើម ដែលគេអាចប្រើប្រាស់ផ្លូវទឹកក្នុងទឹកដីរបស់កម្ពុជានេះ សម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារពិភពលោក។
ចំពោះកម្ពុជា ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែពង្រីកច្រកផ្លូវទឹកថ្មីធ្វើឱ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងបង្កើនសន្តិសុខសេដ្ឋកិច្ច កាត់បន្ថយហានិភ័យអន្តរជាតិ បើសិនជាមានការកើតជម្លោះ តាមច្រកសមុទ្រអន្តរជាតិនោះជាដើម។
ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសមួយចំនួន បានប្រើប្រាស់ដែនសមុទ្រពិភពលោក ធ្វើជាឧបករណ៍បង្កើតអំណាចសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងផ្លូវពាណិជ្ជកម្ម ប៉ុន្តែចំពោះកម្ពុជា គម្រោងព្រែកជីកហ៊្វូណន-តេជោ ដែលជាសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនឯង នឹងក្លាយជាសំណង់ឯករាជ្យដ៏សំខាន់ ក្នុងការបម្រើវិស័យដឹកជញ្ជូន ដោយកាត់បន្ថយការពឹងផ្អែកលើដែនសមុទ្រអន្តរជាតិ និងកាត់បន្ថយចំណាយយ៉ាងច្រើន។
ការបើកច្រកផ្លូវទៅកាន់សមុទ្រខាងត្បូង ដោយអំណាចរបស់ខ្លួនឯង នឹងផ្តល់ឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការកសាងឯករាជ្យពេញលេញក្នុងវិស័យនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ។
គម្រោងនេះ នឹងក្លាយជាគ្រឹះសំខាន់ក្នុងការបង្កើត “ផ្លូវទឹកកម្ពុជា” ដើម្បីឱ្យប្រទេសមានច្រកចេញសេដ្ឋកិច្ចផ្ទាល់ខ្លួន និងអាចប្រកួតប្រជែងជាមួយតំបន់ដោយគ្មានការទប់ស្កាត់ពីអ្នកដទៃ។
ព្រែកជីកហ៊្វូណន-តេជោ មិនមែនគ្រាន់តែជាគម្រោងសាងសង់ទឹកនោះទេ។ វាជាសញ្ញាបង្ហាញនូវអំណាចថ្មីរបស់កម្ពុជា ដែលកំពុងបើកទ្វារទៅផ្លូវឯករាជ្យសេដ្ឋកិច្ច បង្កើតច្រកពាណិជ្ជកម្មថ្មីក្នុងតំបន់ និងផ្តល់ផលប្រយោជន៍យូរអង្វែង ដល់ប្រជាជនកម្ពុជា។
ដូច្នេះរហូតដល់ព្រែកជីកនេះ ត្រូវបានសម្ពោធជាផ្លូវការ ក្រោយការបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៨ សំណង់ផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់ជាតិនេះ នឹងក្លាយជាមូលដ្ឋានសំខាន់ សម្រាប់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ក្នុងសតវត្សថ្មី ដោយធ្វើឱ្យប្រទេសតូចមួយ នៅចន្លោះប្រទេសធំៗ អាចឈរលើជើងដោយខ្លួនឯងបាន និងសម្លឹងឃើញពិភពលោកដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃណាទៀតឡើយ៕