មន្រ្តី​​ជាន់​ខ្ពស់​បង្កើន​ភាពស្និទ្ធស្នាល ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ព័ត៌មាន​វិនិយោគ​ថ្មីៗ​ជា​មួយ​អ្នក​ធុរកិច្ចនានា​

ចែករំលែក

ដោយៈ ចំណាន

ស្វាយរៀងៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំពិសារអាហារសាមគ្គី នៃសមាគមសហគ្រាសវិនិយោគបរទេស និងពិធីអបអរសាទរបុណ្យសែនព្រះខែ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍ និងព័ត៌មានវិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនងនិងសាមគ្គីភាព រវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេស សហគ្រាសដែលកំពុងប្រតិបត្តិការ នៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិត។

ក្នុងឱកាសនេះ លោកអគ្គលេខាធិការបានគូសបញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគ នៅខេត្តស្វាយរៀង និងក្រុងបាវិត នាពេលបច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះ ទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។

លោកបន្តថា “ការរីកចម្រើននេះ គឺជាសក្ខីភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស”។ លោកបន្តថា “ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវគោលនយោ​បាយ វិធានការកែទម្រង់នានា ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល សំដៅកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ”។

ពិធីពិសារអាហារសាមគ្គីនេះ ក៏ជាឱកាសសម្រាប់រួមគ្នាអបអរសាទរពិធីបុណ្យសែនព្រះខែ (Mid-Autumn Festival) ដែលជាប្រពៃណីដ៏ល្អផូរផង់ តំណាងឱ្យការជួបជុំ ក្តីស្រឡាញ់ និងភាពសុខដុមរមនា។ ការជួបជុំក្នុងឱកាសនេះ បានរួមចំណែកពង្រឹងទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍វិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិ​បត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅរួមគ្នាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកជា វុទ្ធីបានគូសបញ្ជាក់សារជាថ្មី ពីការបន្តផ្តល់កិច្ចសម្រួលដល់វិនិយោគិន តាមរយៈអភិក្រម៣៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ ព្រមទាំងការធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ។

បន្ថែមលើនេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានផ្តល់បរិយាកាសកក់ក្តៅជូនវិនិយោគិន។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕


ចែករំលែក