ដោយ វុត្ថា
ភ្នំពេញ៖ កម្ពុជាបានិងកំពុងតែជំរុញការផ្សព្វផ្សាយ ទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាលប្រទេសមូស្លឹម តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Arabian Travel Market (ATM 2019) នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម។

-->
លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩បានឱ្យដឹងថា ព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិATM 2019 បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ដែលកាលនោះទីតាំងមានទំហំតែ២.០០០ម៉ែត្រការ៉េ និងមានអ្នកទស្សនាចំនួនប្រហែល៧.០០០នាក់ប៉ុណ្ណោះ។
លោកបន្តថា ដោយឡែកព្រឹត្តិការណ៍ឆ្នាំ២០១៩នេះ មានទីតាំងទំហំរហូតដល់២៦.០០០ម៉ែត្រការ៉េ មានការចូលរួមជាង១៥០ប្រទេស និងជាង៩០០ នៃភ្នាក់ងារទេសចរណ៍អន្តរជាតិ ពាណិជ្ជកម្ម អ្នកសារព័ត៌មាន និងអ្នកទស្សនាជាង ២៨០០០ នាក់ ព្រមទាំងអ្នកលក់ជាង ២៥០០ក្រុមហ៊ុន អ្នកទិញដ៏មានសក្តានុពល និងអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីៈ វឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ទេសចរណ៍បែបបច្ចេកវិទ្យា (Travel Tech Show) និងវេទិកាទេសចរណ៍រវាងសហភាព អារ៉ាប់ជាមួយចិន (Arabia China Tourism Forum)ផងដែរ។
លោកបន្ថែមថា ATM2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ដ៏ធំសម្រាប់ទីផ្សារទេសចរណ៍មជ្ឈឹមបូព៌ា ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារមជ្ឈឹមបូព៌ា ជាពិសេសទេសចរអារ៉ាប់រួម មកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត។
តាមរយៈព្រឹត្តិការណ៍ ATM 2019 នេះ ជាកាលានុវត្តភាពថ្មីមួយសម្រាប់កម្ពុជាក្នុងការចាប់យកចំណែកទីផ្សារ ភ្ញៀវទេសចរណ៍បណ្តាប្រទេសមជ្ឈឹមបូព៌ា និងបណ្តាប្រទេសមូស្លីម ហើយយើងសង្ឃឹមថា កម្ពុជានឹងទទួលបានទេសចរមកពីទីផ្សារមជ្ឈឹមបូព៌ា និងមូស្លឹមកាន់តែច្រើនថែមទៀត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន ប្រទេសកម្ពុជាមានការផ្សព្វផ្សាយច្រើនពីវិស័យទេសចរណ៍ទៅកាន់មជ្ឈឹមបូព៍ានេះ តែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍តិចតួច ពោលគឺទាក់ទាញបានតែភ្ញៀវរាយមិនមែនភ្ញៀវដុំនោះទេ ដោយសារតែប្រទេសកម្ពុជាមានការឆ្លើយតប មិនទាន់គ្រប់គ្រាន់ទៅនឹងសំណូមពរទៅកាន់ភ្ញៀវទេសចរណ៍នៅឡើយ។
លោកស្រីបន្តថា សំណូមពរពីភ្ញៀវទេសចរណ៍ មកពីមជ្ឈឹមបូព៌ាតម្រូវឱ្យមានស្តងដារខ្ពស់ តារយៈម្ហូបអាហារ ការធ្វើដំណើរ និងការទទួលពួកគេ តែសម្រាប់ស្នាក់នៅមិនជាបញ្ហាអ្វីនោះទេ ។
លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍នាពេលបច្ចុប្បន្ននេះ បាននិងកំពុងគិតគូរ ដើម្បីដោះស្រាយរាល់បញ្ហានេះ តែខាងឯកជនមិនទាន់បានត្រៀមខ្លួនរៀបចំរួចរាល់ ក្នុងការទទួលភ្ញៀវទេសចរណ៍ទាំងនោះ ដែលទាមទារឱ្យមានការជជែកពិភាក្សា ជាមួយភាគីពាក់ព័ន្ធនានាក្នុងការដាក់ចេញនូវវិធានការជាក់លក្ខណាមួយឱ្យបានត្រឹមត្រូវ ព្រោះភ្ញៀវទេសចរណ៍ពីមជ្ឈឹមបូព៌ាមានសក្តានុពល និងមានលុយច្រើនក្នុងការមកលេងកម្សាន្តក្នុងប្រទេសកម្ពុជា៕