ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អប្រសើរក្នុងរយៈពេល៧ខែ នៃឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានកំនើនល្អប្រសើរ ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ។

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទីIV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកជំទាវ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេចពីការសម្រេចបានកំណើនល្អ ក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការរក្សា បានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។

បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើង ពីការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែករក្សា ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

ទន្ទឹមនេះ លោកជំទាវក៏បានមានប្រសាសន៍ ពីបញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយបានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏បានបញ្ជាក់ពីស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបី​ជាប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់មួយចំនួនក្តី។

នាឱកាសនេះដែរ លោក Kenichiro បានជម្រាបជូនលោកជំទាវ ពីគោលបំណងរបស់ក្រុមការងារ ដែលមកបំពេញបេសកកម្ម ដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសក​កម្មនេះ នឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។

បន្ទាប់ពីបានជួបសម្តែងការគួរសម ជាមួយលោកជំទាវ ក្រុមបេសកកម្ម ក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេស ជាមួយថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបញ្ហាប្រឈមនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here