ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យចិន Vanke បានប្រកាសពីការខាតបង់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនកាលពីឆមាសទី១ ទោះបីជាកន្លងមក ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋបាលក្រុងសុិនជិនយ៉ាងណាក្តី។
ក្រុមហ៊ុន Vanke ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសុិនជិន បានទទួលរងនូវការខាតបង់ចំនួន១២ពាន់លានយ័ន (ប្រហែល១,៦៧ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៥ បើធៀបនឹងការខាតបង់ចំនួន៩,៩ពាន់លានយ័នក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិបត្តិអចលនទ្រព្យនៅប្រទេសចិនបានបន្តដាក់សម្ពាធទៅលើក្រុមហ៊ុន Vanke ខណៈការលក់ផ្ទះ និងតម្លៃផ្ទះថ្មីបានបន្តធ្លាក់ចុះ។ ទោះជារដ្ឋបាលក្រុងសុិនជិនបានព្យាយាមបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងណាក្តី ក៏ក្រុមហ៊ុន Vanke នៅតែមិនអាចងើបចេញផុតពីបញ្ហាសាច់ប្រាក់។
ក្រុមអ្នកវិភាគនៅស្ថាប័ន Bloomberg Intelligence បានអះអាងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Shenzhen Metro ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងសុិនជិន ដែលជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ក្រុមហ៊ុន Vanke ទំនងជាមិនអាចជួយសម្រាលភាពតានតឹងផ្នែកសាច់ប្រាក់របស់ក្រុមហ៊ុននេះបានទេ។
ក្រុមហ៊ុនអចលនទ្រព្យ Vanke បានគូសបញ្ជាក់ថា ការខាតបង់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះបណ្តាលជាចម្បងមកពីការដាំក្បាលចុះនៃការលក់លំនៅដ្ឋាន និងប្រាក់ចំណេញដុលសរុប។
ទំហំប្រាក់ចំណូល(Revenue) របស់ក្រុមហ៊ុន Vanke បានដាំក្បាលចុះ២៦ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១០៥,៣ពាន់លានយ័ន។ ជាមួយគ្នានេះ ទំហំសាច់ប្រាក់សរុប (Total cash) បានធ្លាក់ចុះមកនៅត្រឹមចំនួន៦៩,៤ពាន់លានយ័ន។
ចំណែកឯ ចំនួនលំនៅដ្ឋាន ដែលមិនទាន់បញ្ចប់ការសាងសង់រួចរាល់របស់ក្រុមហ៊ុន Vanke មានទំហំទឹកប្រាក់ប្រហែល២៥៧ពាន់លានយ័នគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥។
នៅឆ្នាំនេះ ក្រុមហ៊ុន Shenzhen Metro របស់រដ្ឋបាលក្រុងសុិនជិនបានផ្តល់ប្រាក់កម្ចីសរុបប្រមាណ២៣,៩ពាន់លានយ័ន ដើម្បីជួយដល់ក្រុមហ៊ុន Vanke ក្នុងការទូទាត់សងទាំងប្រាក់ដើម និងអត្រាការប្រាក់ចំពោះមូលបត្របំណុល ដែលក្រុមហ៊ុន Vanke បានបោះផ្សាយលក់ជាសាធារណៈ៕ប្រភព: Bloomberg៕