ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់អចលទ្រព្យ Savills បានប្រមូលចងក្រងតម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ (Prime) នៅតាមបណ្តាទីក្រុងនានាលើពិភពលោកក្នុងឆមាសទី១ ឆ្នាំ២០២៥ និងបានព្យាករណ៍តម្លៃលំនៅដ្ឋានសម្រាប់ឆមាសទី២។
តួយ៉ាង កាលពីឆមាសទី១ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនបានកើនឡើង៨,៨ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.៣៣០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៦ភាគរយទៅ៧,៩ភាគរយនៅឆមាសទី២។
ចំណែក តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់បានកើនឡើង៧,២ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.២០០ដុល្លារក្នុងមួយហ្វីតការ៉េកាលពីឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពទ្រឹងនៅឆមាសទី២។
ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានកើនឡើង៥,៧ភាគរយដល់ទំហំទឹកប្រាក់ចំនួន៩៨០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៤ភាគរយទៅ៥,៩ភាគរយក្នុងឆមាសទី២។
រីឯ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកំណើនក្នុងរង្វង់៥,១ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.៩៥០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៦ភាគរយទៅ៧,៩ភាគរយក្នុងឆមាសទី២។
ទន្ទឹមនឹងនេះ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីសសម្រេចបានកំណើនក្នុងរង្វង់២,៧ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.៤៦០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងស្ថិតនៅទ្រឹងក្នុងឆមាសទី២។
តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រា១,២ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.៦១០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ ឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១,៩ភាគរយក្នុងឆមាសទី២។
តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុង Rome នៃប្រទេសអុីតាលីបានកើនឡើងក្នុងអត្រា០,៥ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.៤៦០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ ឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងកើនឡើង១,៩ភាគរយក្នុងឆមាសទី២។
តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំងបានធ្លាក់ចុះក្នុងអត្រា០,៧ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៨៦០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពទ្រឹងក្នុងឆមាសទី២។
តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងឡុងដិ៍ នៃប្រទេសអង់គ្លេសបានធ្លាក់ចុះក្នុងអត្រា១,៦ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៩០០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះចន្លោះពី២ភាគរយទៅ៣,៩ភាគរយក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ។
លើសពីនោះ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រា៣ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៤៤០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ១,៩ភាគរយក្នុងរយៈពេល៦ខែចុងក្រោយ ឆ្នាំ២០២៥៕ប្រភព: Edgeprop៕