ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសនានានៅទ្វីបអឺរ៉ុបមានភាពមិនច្បាស់លាស់ ប្រទេសអេស្បាញបានលេចត្រដែតឡើងក្នុងនាមជាទីផ្សារអចលនទ្រព្យលេចធ្លោជាងគេបំផុតរបស់ទ្វីបមួយនេះ។
ជាក់ស្តែង តម្លៃផ្ទះនៅប្រទេសអេស្ប៉ាញបានហក់ឡើងប្រមាណ១១ភាគរយកាលពីឆ្នាំ២០២៤ ខណៈសន្ទុះនេះនៅតែបន្តរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ ដោយសម្រេចបានកំណើនក្នុងរង្វង់១១,២ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។
ប្រតិបត្តិការលក់អចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញសម្រេចបានចំនួន៦៤១.៩១៩យូនីតកាលពីឆ្នាំ២០២៤។ តួលេខនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧ ហើយតំណាងឱ្យការកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ខណៈទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសអឺរ៉ុបខាងលិចជាច្រើនកំពុងសម្រេចបានកំណើនទាប ឬស្ថិតនៅទ្រឹង ទីផ្សារអចលនទ្រព្យរបស់ប្រទេសអេស្ប៉ាញនៅតែមានសន្ទុះខ្លាំងក្លា ដោយសារតម្រូវការក្នុងស្រុកមានភាពរឹងមាំ គួបផ្សំនឹងការស្ទុះងើបឡើងវិញនៃអតិថិជនបរទេស និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ។
លើសពីនេះ ប្រទេសអេស្ប៉ាញទទួលបានអត្ថប្រយោជន៍ពីភាពរីកចម្រើនរបស់វិស័យទេសចរណ៍ ខណៈប្រទេសនេះមានឆ្នេរសមុទ្រស្រស់ស្អាត និងល្បីល្បាញ ។ តម្រូវការផ្ទះទី២ កត្តាអាកាសធាតុ និងរបៀបរស់នៅអំណោយផល បានបង្កើនភាពទាក់ទាញផ្នែកអចលនទ្រព្យក្នុងប្រទេសអឺរ៉ុបខាងលិចមួយនេះ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានឱ្យដឹងថា តម្លៃលំនៅដ្ឋានប្រភេទ Prime នៅរដ្ឋធានី Madrid របស់ប្រទេសអេស្ប៉ាញបានកើនឡើង០,៩ភាគរយកាលពីឆមាសទី១ ឆ្នាំនេះ ដល់ទំហំទឹកប្រាក់ចំនួន១.១២០ដុល្លារក្នុងមួយហ្វីតការ៉េ ឬស្មើនឹង១២.០៥៦ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: LTV Reports៕