ការសិក្សា: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់កាណាដាផ្តល់ឱកាសវិនិយោគល្អប្រសើរជាងសហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានបង្ហាញថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកាណាដានាពេលបច្ចុប្បន្នផ្តល់ឱកាសវិនិយោគល្អប្រសើរជាងសហរដ្ឋអាមេរិក និងទីផ្សារអចលនទ្រព្យផ្សេងទៀតលើពិភពលោក។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានគូសបញ្ជាក់ថា កំណើននៃចំនួនប្រជាជន ការសម្រួលបរិយាកាសផ្តល់ប្រាក់កម្ចី និងការរឹតបន្តឹងលក្ខខណ្ឌនៃការផ្គត់ផ្គង់ ជាកត្តាសំខាន់ៗ ដែលនាំឱ្យប្រទេសកាណាដាក្លាយគោលដៅទាក់ទាញការវិនិយោគ។

លោក Adam Jacobs អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា “ជាធម្មតា នៅពេលពិភពលោកជួបប្រទះអស្ថិរភាព បណ្តាអ្នកវិនិយោគបានសម្រុកផ្ទេរប្រាក់ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ បច្ចុប្បន្ន សហរដ្ឋអាមេរិកក៏កំពុងបង្កភាពចលាចលមួយចំនួនសម្រាប់ពិភពលោកផងដែរ”។

យោងតាមទិន្នន័យរបស់ស្ថាប័ប Oxford Economics បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសកាណាដាបានកើនឡើងក្នុងរង្វង់២ដងនៃអត្រាកំណើនប្រជាជនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២២ និងកើនឡើងជិត៣ដងកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤។

ទោះបីជាលំហូរជនអន្តោប្រវេសន៍បានធ្លាក់ចុះនៅឆ្នាំនេះយ៉ាងណាក្តី ក៏ក្រុមហ៊ុន Colliers នៅតែមានសុទិដ្ឋិនិយមថា ប្រទេសកាណាដានឹងទទួលបានប្រៀបលើកត្តាប្រជាសាស្រ្តឡើងវិញនៅឆ្នាំ២០២៧ខាងមុខ។

លោក Jacobs បាន​បន្តថា “កំណើន​នៃចំនួនប្រជាជន​អាចជំរុញ​ទីផ្សារ​​អចលន​ទ្រព្យ​ រាប់ចាប់ពី​តម្រូវការអាផាតមុិនរហូត​ដល់​ការ​លក់​រាយ​ និង​ទីផ្សារការងារ​”។

លោកបានគូសបញ្ជាក់បន្ថែមថា កំណើននៃចំនួនប្រជាជនអាចជួយជំរុញការចំណាយក្នុងគ្រួសារ ដែលជះផលវិជ្ជមានដល់តម្រូវការការិយាល័យ និងការលក់រាយក្នុងរយៈពេលវែង៕ប្រភព: Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here