ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះប្រភេទទី២ នៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីខែកក្កដា។ ប៉ុន្តែ កំណើននៃការលក់ផ្ទះនៅតែមានល្បឿនយឺត ខណៈក្រុមអ្នកទិញខ្វះលទ្ធភាព ដោយសារផ្ទះមានតម្លៃខ្ពស់កប់ពពក ហើយអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែបន្តមានកម្រិតខ្ពស់។
ការលក់ផ្ទះបានកើនឡើង២ភាគរយកាលពីខែកក្កដាដល់ចំនួន៤,០១លានយូនីត បើធៀបនឹងផ្ទះចំនួន៣,៩៣លានយូនីត ដែលបានលក់ចេញកាលពីខែមិថុនា។ ការកើនឡើងនេះជារឿងនឹកស្មានមិនដល់ ខណៈក្រុមសេដ្ឋវិទូធ្លាប់បានព្យាករណ៍ថា ការលក់ផ្ទះកាលពីខែកក្កដានឹងស្ថិតនៅទ្រឹង។
ជាមួយគ្នានេះ លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់សមាគមអ្នកអចលនទ្រព្យសហរដ្ឋអាមេរិក (NAR) បានព្យាករណ៍ថា បញ្ហាប្រឈមមួយចំនួន ដូចជា អត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ តម្លៃផ្ទះខ្ពស់កប់ពពក និងកង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន អាចនឹងធូរស្រាល។
 
             
 
 
 

 
 
 








 
 
