ការលក់ផ្ទះប្រភេទទី២ នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនយ៉ាងសន្សឹមៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះប្រភេទទី២ នៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីខែកក្កដា។ ប៉ុន្តែ កំណើននៃការលក់ផ្ទះនៅតែមានល្បឿនយឺត ខណៈក្រុមអ្នកទិញខ្វះលទ្ធភាព ដោយសារផ្ទះមានតម្លៃខ្ពស់កប់ពពក ហើយអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែបន្តមានកម្រិតខ្ពស់។

ការ​លក់​ផ្ទះ​បាន​កើន​ឡើង​២ភាគ​រយ​កាល​ពី​ខែ​កក្កដាដល់​ចំនួន៤,០១លាន​យូនីត បើធៀបនឹងផ្ទះចំនួន៣,៩៣លាន​យូនីត ដែលបានលក់ចេញកាលពី​ខែ​មិថុនា។ ការកើនឡើងនេះជារឿងនឹកស្មានមិនដល់ ខណៈក្រុមសេដ្ឋវិទូធ្លាប់បានព្យាករណ៍ថា ការលក់ផ្ទះកាលពីខែកក្កដានឹងស្ថិតនៅទ្រឹង។

ជាមួយគ្នានេះ លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់សមាគមអ្នកអចលនទ្រព្យសហរដ្ឋអាមេរិក (NAR) បានព្យាករណ៍ថា បញ្ហាប្រឈមមួយចំនួន ដូចជា អត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ តម្លៃផ្ទះខ្ពស់កប់ពពក និងកង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន អាចនឹងធូរស្រាល។

ក្នុងរយៈពេល២ឆ្នាំកន្លងមក ការលក់ផ្ទះនៅសហរដ្ឋអាមេរិកសម្រេចបានចំនួនជាមធ្យមប្រហែល៤លានយូនីតក្នុងមួយខែ។ តួលេខនេះមានកម្រិតទាបជាងការលក់ផ្ទះចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០០៩ ក្នុងកំឡុងពេលមានវិបត្តិលំនៅដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានរាលដាលទៅជាវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។

យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Freddie Mac បានឱ្យដឹងថា អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានធ្លាក់ចុះមកនៅត្រឹម៦,៥៨ភាគរយ។ ប៉ុន្តែ អត្រានេះនៅតែមានកម្រិតខ្ពស់នៅឡើយ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here