ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅទីក្រុងហុងកុងនៃប្រទេសចិននៅតែបន្តសម្រេចបានចំនួនលើសពី៥.០០០យូនីតក្នុងមួយខែ ក្នុងរយៈពេល៦ខែជាប់គ្នាគិតនៅត្រឹមខែសីហា ឆ្នាំនេះ ដែលជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋានហុងកុងកំពុងងើបឡើងវិញសន្សឹមៗ។
យោងតាមទិន្នន័យពីការិយាល័យចុះបញ្ជីដីធ្លីបានឱ្យដឹងថា ផ្ទះសរុបចំនួន៥.២៩១យូនីតត្រូវបានលក់ចេញកាលពីខែសីហា ដោយបន្តសម្រេចបានការលក់ផ្ទះលើសពី៥.០០០យូនីតក្នុងមួយខែចាប់ពីខែមីនា។ ការលក់ផ្ទះនៅក្នុងខែសីហា ឆ្នាំ២០២៥ បានហក់ឡើងចំនួន៤៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុន Midland Realty បានបង្ហាញថា ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ការលក់ផ្ទះថ្មី និងផ្ទះប្រភេទទី២(Second-hand) នៅទីក្រុងហុងកុងបានហក់ឡើង១០ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៤២.៣៧៩យូនីត។








