ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅទីក្រុងហុងកុងនៃប្រទេសចិននៅតែបន្តសម្រេចបានចំនួនលើសពី៥.០០០យូនីតក្នុងមួយខែ ក្នុងរយៈពេល៦ខែជាប់គ្នាគិតនៅត្រឹមខែសីហា ឆ្នាំនេះ ដែលជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋានហុងកុងកំពុងងើបឡើងវិញសន្សឹមៗ។
យោងតាមទិន្នន័យពីការិយាល័យចុះបញ្ជីដីធ្លីបានឱ្យដឹងថា ផ្ទះសរុបចំនួន៥.២៩១យូនីតត្រូវបានលក់ចេញកាលពីខែសីហា ដោយបន្តសម្រេចបានការលក់ផ្ទះលើសពី៥.០០០យូនីតក្នុងមួយខែចាប់ពីខែមីនា។ ការលក់ផ្ទះនៅក្នុងខែសីហា ឆ្នាំ២០២៥ បានហក់ឡើងចំនួន៤៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុន Midland Realty បានបង្ហាញថា ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ការលក់ផ្ទះថ្មី និងផ្ទះប្រភេទទី២(Second-hand) នៅទីក្រុងហុងកុងបានហក់ឡើង១០ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៤២.៣៧៩យូនីត។
លោក Benny Sham អ្នកវិភាគប្រចាំនៅក្រុមហ៊ុន Midland Realty បានលើកឡើងថា “នៅឆ្នាំនេះ ទីផ្សារលំនៅដ្ឋានហុងកុងទទួលបានអត្ថប្រយោជន៍ពីកត្តាអំណោយផលជាច្រើន។ កត្តាទាំងនោះបានធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តលើទីផ្សារ និងជំរុញការលក់ផ្ទះ”។
លោកបានបន្តថា “ការហក់ឡើងនៃថ្លៃជួលផ្ទះកំពុងជំរុញឱ្យមានការងាកទៅរកការទិញផ្ទះ ដោយបន្ថែមថា ស្ថានភាពរឹងមាំរបស់ផ្សារហ៊ុនក្រុងហុងកុង និងការកាត់បន្ថយពន្ធប្រថាប់ត្រាសម្រាប់ការទិញផ្ទះ បានក្លាយជាកត្តាជួយជំរុញការលក់ផ្ទះក្នុងទីក្រុងហុងកុង”៕ប្រភព: SCMP៕