ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)និងតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា(UNDP) បាបពិភាក្សាពីការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីពង្រីកកិច្ចសហការកាន់តែប្រសើរថែមទៀត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងធនាគារជាតិនៃកម្ពុជា និង UNDP នាពេលកន្លងមក ជាពិសេសលើការស្រាវជ្រាវរួមគ្នា ការរៀបចំសន្និសីទកម្រិតខ្ពស់ និងការគាំទ្រនានា សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំថែមទៀតជាមួយUNDPផងដែរ។
នាឱកាសនេះ លោក អេនរីកូ បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា និងតាំងចិត្តបន្តពង្រឹងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជាមួយ ធនាគារជាតិនៃកម្ពុជា លើគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទៀត។
លោកក៏បានលើកឡើងពីភាពជាដៃគូ សហការល្អរវាងស្ថាប័នទាំងពីរ ជាពិសេសលើគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហិរញ្ញវត្ថុបៃតង និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។
លោកជំទាវ ទេសាភិបាល និងលោក អេនរីកូ ក៏បានឯកភាពគ្នាក្នុងការរៀបចំ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នាពេលខាងមុខ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត៕