ក្រុមហ៊ុនយក្សមួយគ្រោងទិញអាផាតមុិននៅអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa ក្នុងទីក្រុងឌូបៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនយក្សរបស់ប្រទេសម៉ាឡេសុី DXN Holdings គ្រោងទិញអាផាតមុិនចំនួន១យូនីតនៅក្នុងអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa នៅក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)។

យោងតាមសារព័ត៌មាន The Edge Malaysia បានឱ្យដឹងថា អាផាតមុិននោះមានទំហំ១.៨៨៨ហ្វីតការ៉េស្ថិតនៅជាន់ទី៦០ នៃអគារ Burj Khalifa។

ក្រុមហ៊ុន DXN Holdings គ្រោងទិញអាផាតមុិននេះក្នុងតម្លៃ១,៧លានដុល្លារអាមេរិក ដោយទូទាត់ជាសាច់ប្រាក់ ខណៈលោក Lim Siow Jin ប្រធាន​ប្រតិបត្តិ​ និង​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំបំផុតរបស់ក្រុមហ៊ុននេះ។

អគារ Burj Khalifa ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់៨២៨ម៉ែត្រ ដែលស្មើនឹង១៦៣ជាន់។ អគារនេះមានទីតាំងនៅចំកណ្តាលទីក្រុងឌូបៃ ដោយរួមមានលំនៅដ្ឋានប្រណីត សណ្ឋាគារ ការិយាល័យ និងជានិមិត្តរូបនៃស្ថាបត្យកម្មសម័យទំនើប។

យោងតាមទិន្នន័យថ្មីចុងក្រោយបង្អស់បានបង្ហាញថា អាផាតមុិនប្រភេទ Studio នៃអគារ Burj Khalifa មានតម្លៃចន្លោះពី៤១០.០០០ដុល្លារទៅ៦៨០.០០០ដុល្លារ ខណៈ អាផាតមុិនដែលមានបន្ទប់គេងទោល មានតម្លៃចន្លោះពី៦៨០.០០០ដុល្លារទៅ១,០៩លានដុល្លារក្នុងមួយយូនីត។

ចំណែក អាផាតមុិនដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចន្លោះពី១,៦លានដុល្លារទៅ៣,៣លានដុល្លារអាមេរិកក្នុងមួយយូនីត ខណៈផ្ទះ Penthouses មានតម្លៃចាប់ពី៥,៤លានដុល្លារអាមេរិក៕ប្រភព: JobXDubai & The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here