ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនយក្សរបស់ប្រទេសម៉ាឡេសុី DXN Holdings គ្រោងទិញអាផាតមុិនចំនួន១យូនីតនៅក្នុងអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa នៅក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)។
យោងតាមសារព័ត៌មាន The Edge Malaysia បានឱ្យដឹងថា អាផាតមុិននោះមានទំហំ១.៨៨៨ហ្វីតការ៉េស្ថិតនៅជាន់ទី៦០ នៃអគារ Burj Khalifa។
ក្រុមហ៊ុន DXN Holdings គ្រោងទិញអាផាតមុិននេះក្នុងតម្លៃ១,៧លានដុល្លារអាមេរិក ដោយទូទាត់ជាសាច់ប្រាក់ ខណៈលោក Lim Siow Jin ប្រធានប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុននេះ។
-->

អគារ Burj Khalifa ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់៨២៨ម៉ែត្រ ដែលស្មើនឹង១៦៣ជាន់។ អគារនេះមានទីតាំងនៅចំកណ្តាលទីក្រុងឌូបៃ ដោយរួមមានលំនៅដ្ឋានប្រណីត សណ្ឋាគារ ការិយាល័យ និងជានិមិត្តរូបនៃស្ថាបត្យកម្មសម័យទំនើប។
យោងតាមទិន្នន័យថ្មីចុងក្រោយបង្អស់បានបង្ហាញថា អាផាតមុិនប្រភេទ Studio នៃអគារ Burj Khalifa មានតម្លៃចន្លោះពី៤១០.០០០ដុល្លារទៅ៦៨០.០០០ដុល្លារ ខណៈ អាផាតមុិនដែលមានបន្ទប់គេងទោល មានតម្លៃចន្លោះពី៦៨០.០០០ដុល្លារទៅ១,០៩លានដុល្លារក្នុងមួយយូនីត។
ចំណែក អាផាតមុិនដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចន្លោះពី១,៦លានដុល្លារទៅ៣,៣លានដុល្លារអាមេរិកក្នុងមួយយូនីត ខណៈផ្ទះ Penthouses មានតម្លៃចាប់ពី៥,៤លានដុល្លារអាមេរិក៕ប្រភព: JobXDubai & The Edge Malaysia៕
