ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន UOA Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្សឈានមុខគេមួយរបស់ប្រទេសម៉ាឡេស៊ីបានប្រកាសទិញដីឡូតិ៍មួយកន្លែង ដែលស្ថិតនៅចំទីតាំងដ៏ល្បីសំខាន់ក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាម។
យោងតាមកាសែត Vnexpress បានរាយការណ៍ថា កិច្ចព្រមព្រៀងទិញដីឡូតិ៍នេះមានទំហំទឹកប្រាក់ចំនួន៦៨លានដុល្លារអាមេរិក ដែលនឹងក្លាយទៅជាប្រតិបត្តិការទិញអចលនទ្រព្យដ៏ធំបំផុតមួយក្នុងទីក្រុងហូជីមិញនៅឆ្នាំ២០២៥នេះ។
ក្រុមហ៊ុន UOA Vietnam បានទិញយកដីទំហំ២.០០០ម៉ែត្រការ៉េនេះស្ថិតនៅតំបន់ Tan Dinh ក្នុងសង្កាត់លេខ១ នៅចំកណ្តាលទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេបំផុតក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្សរបស់ម៉ាឡេស៊ី UOA គ្រោងអភិវឌ្ឍន៍អគារការិយាល័យកម្រិត A កំពស់២២ជាន់ នៅលើទីតាំងដី ដែលមានតម្រូវការខ្ពស់បំផុតនៅក្នុងទីក្រុងហូជីមិញ។
ក្រុមហ៊ុន UOA Group ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ United Overseas Australia។ ក្រុមហ៊ុនមេត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុននៃប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី។
ផលបត្ររបស់ក្រុមហ៊ុន UOA Group នៅប្រទេសវៀតណាម រួមមានគម្រោងខ្នាតយក្សជាច្រើននៅក្នុងទីក្រុងហូជីមិញ ដូចជា អគារការិយាល័យកម្រិត A “UOA Tower”និងអគារ “Millennial Tower” រួមទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណីត “The MarQ”។
ក្រុមហ៊ុន UOA Group ក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនសិង្ហបុរី CapitaLand Development ដើម្បីសាងសង់គម្រោងលំនៅដ្ឋានខ្នាតយក្ស “Sycamore” ដែលមានលាតសន្ធឹងលើផ្ទៃដីទំហំជិត១៩ហិកតានៅក្នុងសង្កាត់ Binh Duong៕ប្រភព: Vnexpress៕