តើការជួលដីរយៈពេល៩៩ឆ្នាំទៅឱ្យជនបរទេសនឹងជំរុញវិស័យអចលនទ្រព្យរបស់ហ្វីលីពីនដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចចិត្តកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាល​ហ្វីលីពីនក្នុងការជួល​ដី​រយៈពេល៩៩ឆ្នាំទៅឱ្យជនបរទេសនឹងជំរុញឱ្យបណ្តាអ្នកវិនិយោគបរទេសមានទំនុកចិត្ត​​ក្នុង​វិស័យ​អចលនទ្រព្យហ្វីលីពីន។

ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗ ដែលទីផ្សារអចលនទ្រព្យនឹងទទួលបាន ពីការជួលដីរយៈពេលវែងទៅឱ្យជនបរទេស៖

ទី១: ការប្រកួតតប្រជែង

ជាធម្មតា ការអភិវឌ្ឍន៍គម្រោងទ្រង់ទ្រាយធំៗត្រូវការចំណាយពេលរាប់ទសវត្សរ៍ដើម្បីរៀបចំផែនការ សាងសង់ និងស្រង់ដើមទុនវិនិយោគមកវិញ។តាមរយៈការជួលដីរយៈពេល៩៩ឆ្នាំទៅឱ្យជនបរទេស ហ្វីលីពីនអាចបង្កើនទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ និងធ្វើឱ្យធនាគារនានាកាន់តែមានឆន្ទៈក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងអចលនទ្រព្យខ្នាតធំ។

ទី២: សក្តានុពលទេសចរណ៍ និងការអភិវឌ្ឍន៍ទីក្រុង

ក្រុមអ្នកវិភាគលើកឡើងថា វិស័យទេសចរណ៍អាចគ្របដណ្តប់ចំណែក២០ភាគរយនៃផលទុនជាតិសរុប (GDP) របស់ហ្វីលីពីន ប្រសិនបើការបណ្តាក់ទុនវិនិយោគលើគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ធំៗ និងសណ្ឋាគារកើនឡើង។

តាមរយៈការជួលដីរយៈពេល៩៩ឆ្នាំ បណ្តាអ្នកអភិវឌ្ឍន៍បរទេសនឹងមានទំនុកចិត្តលើការសាងសង់គម្រោងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងចក្ខុវិស័យយូរអង្វែង។

ចំណែក ការអភិវឌ្ឍន៍ទីក្រុងធំៗ និងអគារប្រើប្រាស់ចម្រុះ(Mixed-use)ក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរ ដោយសារការសាងសង់គម្រោងទាំងនេះត្រូវការរយៈពេលវែង។

ទី៣: សក្តានុពលឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

ច្បាប់ជួលដីរយៈពេល៩៩ឆ្នាំនេះក៏អាចពន្លឿនការវិនិយោគលើការបង្កើតសួនឧស្សាហកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។

ការវិនិយោគលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ អាកាសយានដ្ឋាន និងមធ្យោបាយដឹកជញ្ជូនខ្នាតធំ ទាមទារដើមទុនច្រើន និងត្រូវការរយៈពេលធ្វើអាជីវកម្មរាប់ទសវត្សរ៍។ តាមរយៈការជួលដីរយៈពេល៩៩ឆ្នាំទៅឱ្យជនបរទេស ហ្វីលីពីនអាចផ្តល់នូវភាពប្រាកដប្រជាដល់បណ្តាអ្នកអភិវឌ្ឍន៍បរទេស ដើម្បីបោះទុនវិនិយោគ៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here