ដោយៈ គង់ សូរិយា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាតំដំបង លោក សុខ លូ បានស្នើសុំឲ្យក្រុមហ៊ុនចិនមកវិនិយោគនៅក្នុងខេត្ត ដោយលោកបានលើកឡើង ពីសក្តានុពលជាច្រើនរបស់ខេត្តមួយនេះ។
សំណើរនេះត្រូវបានលើកឡើង ក្នុងឱកាសលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង ។
លោកសុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ លោកលូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្តបានជម្រាបជូន លោកឯកឧត្តម អគ្គកុងស៊ុល ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា បាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ជាមួយប្រទេសថៃ ។
ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លើវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង១លាន៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ។ ខេត្តនេះ គឺជាខេត្តដែលកំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបង មានសំណង់បុរាណជាង ៨០០ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើន ដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស ។
លោកអភិបាលខេត្ត បានស្នើភាគីចិន ជួយកៀរគរអ្នកវិនិយោគ ចិនមក បណ្ដាក់ទុនរកស៊ីនៅកម្ពុជា លើការកែច្នៃ ផលិតផល កសិកម្ម ដ៏សំបូរបែប ។
ពាក់ព័ន្ធ បញ្ហាព្រំដែន កម្ពុជា-ថៃ លោកសុខ លូ បានថ្លែងថាប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហើយកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយឡើយ។ កម្ពុជាចង់បានសន្តិភាព ដូច្នេះសូមឱ្យ លោកប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជា ដើម្បីទទួលបានសន្តិភាព។
ជាការឆ្លើយតប លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានទទួលយកនូវអ្វី ដែលអ្វីដែលលោកអភិបាលខេត្ត បានលើកឡើង។
លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។
លោកបញ្ជាក់ថា ការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរ ឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕