អភិបាលខេត្តបាត់ដំបងស្នើក្រុមហ៊ុនចិនមកវិនិយោគនៅក្នុង មូលដ្ឋានរបស់ខ្លួន

0

ដោយៈ គង់ សូរិយា

    បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាតំដំបង លោក សុខ លូ បានស្នើសុំឲ្យក្រុមហ៊ុនចិនមកវិ​និយោគនៅក្នុងខេត្ត ដោយលោកបានលើកឡើង ពីសក្តានុពលជាច្រើនរបស់ខេត្តមួយនេះ។

សំណើរនេះត្រូវបានលើកឡើង ក្នុងឱកាសលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង ។

លោកសុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ លោកលូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្តបានជម្រាបជូន លោកឯកឧត្តម អគ្គកុងស៊ុល ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា បាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ជាមួយប្រទេសថៃ ។

ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លើវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង១លាន៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ។ ខេត្តនេះ គឺជាខេត្តដែលកំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេស​ចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបង មានសំណង់បុរាណជាង ៨០០ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើន ដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស ។

លោកអភិបាលខេត្ត បានស្នើភាគីចិន ជួយកៀរគរអ្នកវិនិយោគ ចិនមក បណ្ដាក់ទុនរកស៊ីនៅកម្ពុជា លើការកែច្នៃ ផលិតផល កសិកម្ម ដ៏សំបូរបែប ។

ពាក់ព័ន្ធ បញ្ហាព្រំដែន កម្ពុជា-ថៃ លោកសុខ លូ បានថ្លែងថាប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហើយកម្ពុជាមិនចង់មានសង្គ្រាមជា​មួយប្រទេសជិតខាងណាមួយឡើយ។ កម្ពុជាចង់បានសន្តិភាព ដូច្នេះ​សូមឱ្យ លោកប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជា ដើម្បីទទួលបានសន្តិភាព។

ជាការឆ្លើយតប លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានទទួលយកនូវអ្វី ដែលអ្វីដែលលោកអភិ​បាលខេត្ត បានលើកឡើង។

លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិ​បត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។

លោកបញ្ជាក់ថា ការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរ ឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here