ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានចូលដំណាក់កាលថ្មីដែលមានសភាពចាស់ទុំ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield ។
ក្រុមហ៊ុនបានគូសបញ្ជាក់ថា បន្ទាប់ពីបានស្គាល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១ទសវត្សរ៍កន្លងមក បច្ចុប្បន្ន បណ្តាក្រុមហ៊ុននៅតំបន់អាសុីកំពុងផ្លាស់ប្តូរវិធីសាស្ត្រប្រើប្រាស់ និងវិធីរៀបចំផែនការជួលការិយាល័យរបស់ខ្លួន។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការផ្គត់ផ្គង់អគារការិយាល័យកម្រិត A ក្នុងតំបន់អាសុីប៉ាសុីហ្វិក បានកើនឡើងទ្វេរដងពីចំនួន១,២ពាន់លានហ្វីតការ៉េក្នុងឆ្នាំ២០១៥ ដល់ចំនួន២,៣៣ពាន់លានហ្វីតការ៉េគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥។
លោក Anshul Jain អ្នកជំនាញរបស់ក្រុមហ៊ុន Cushman & Wakefield លើកឡើងថា បណ្តាក្រុមហ៊ុននៅតំបន់អាសុីកំពុងផ្តល់អាទិភាពកាន់តែខ្លាំងឡើងលើអគារការិយាល័យ ដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ចល្អប្រសើរ(ESG)។
ក្រុមហ៊ុន Cushman & Wakefield បានអះអាងថា តម្រូវការការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់អាសុីប៉ាសុីហ្វិក ត្រូវបានជំរុញជាចម្បងមកពីតម្រូវការនៅតំបន់ចិនដីគោក ប្រទេសឥណ្ឌា និងតំបន់អាស៊ាន។
ស្របពេលទីផ្សារការិយាល័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមានភាពចាស់ទុំ អគារការិយាល័យនានានឹងត្រូវបានរចនាម៉ូដកាន់តែមានភាពទាក់ទាញ ដោយផ្តោតជាសំខាន់លើទំហំ តម្លៃ គុណភាព គោលដៅ ESG និងនវានុវត្តន៍៕ប្រភព: Edgeprop៕