តម្លៃផ្ទះនៅប្រទេសឥណ្ឌារំពឹងកើនឡើងយ៉ាងលឿនរហូតដល់ឆ្នាំ២០២៦ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងមុននៅឆ្នាំនេះ ដោយសារកំណើននៃតម្រូវការពីក្រុមអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងប្រទេសនេះ និងកង្វះខាតលំនៅដ្ឋានតម្លៃសមរម្យ។

យោងតាមការស្ទង់មតិចន្លោះពីខែសីហាដល់ខែកញ្ញាដោយកាសែត Reuters បង្ហាញថា តម្លៃផ្ទះជាមធ្យមនៅប្រទេសឥណ្ឌានឹងកើនឡើងក្នុងរង្វង់៦,៣ភាគរយនៅឆ្នាំ២០២៥ និងបន្តកើនឡើងក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៦។

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង៧,៨ភាគរយ​កាល​ពី​ត្រីមាស​ទី២។ ទោះជាយ៉ាងណា លោក Ajay Sharma អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា កំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំនេះមិនបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនោះទេ។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ប្រជាជនរស់នៅក្នុងទីក្រុងកាន់តែច្រើនកំពុងងាកទៅរកការជួលផ្ទះ ខណៈតម្លៃផ្ទះជួលជាមធ្យមក្នុងទីក្រុងនានានឹងកើនឡើង៥ភាគរយទៅ៨ភាគរយនៅឆ្នាំ២០២៦ខាងមុខ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា បច្ចុប្បន្ន ឥណ្ឌាកំពុងប្រឈមមុខនឹងកង្វះលំនៅដ្ឋានដែលមានតម្លៃសមរម្យប្រហែល១០លានយូនីត ហើយចំនួននេះអាចនឹងកើនឡើង៣ដងនៅត្រឹមឆ្នាំ២០៣០។

ធនាគារកណ្តាលនៃប្រទេសឥណ្ឌាបានកាត់បន្ថយអត្រាការប្រាក់ចំនួន១ភាគរយមកនៅត្រឹម៥,៥ភាគរយនៅឆ្នាំនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគអះអាងថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុផ្តល់អត្ថប្រយោជន៍តិចតួចប៉ុណ្ណោះដល់អ្នកទិញផ្ទះលើកដំបូង៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here