ទិន្នន័យបានបង្ហាញថា រយៈពេល៣ត្រីមាសក្នុងឆ្នាំ២០២៥ សម្រេចបានជិត ៤៧ ពាន់លានដុល្លារ ដោយកើនឡើងជិត ១៥%។
ដោយៈ សហការី
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា រយៈពេល៣ត្រីមាសក្នុងឆ្នាំ២០២៥ សម្រេចបានជិត ៤៧ ពាន់លានដុល្លារ ដោយកើនឡើងជិត ១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ទំហំទឹកប្រាក់ពាណិជ្ជកម្មអន្តរជាតិរយៈពេល៩ខែនេះ មានចំនួនជិតស្មើនឹង៨៦% នៃទំហំពាណិជ្ជកម្មអន្តរជាតិកាលពីឆ្នាំ២០២៤។
-->
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឲ្យដឹងថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ចរាចរណ៍ទំនិញចេញ-ចូលរវាងប្រទេសកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុប ៤៦,៩៩ពាន់លានដុល្លារ កើនឡើង១៤,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមាន៤០,៩៤ ពាន់លានដុល្លារ។ ក្នុងទំហំទឹកប្រាក់នេះ កម្ពុជានាំចេញ២២,៣៨ ពាន់លានដុល្លារ កើន ១២,៩% និងទំនិញនាំចូលពីប្រទេសនានា២៤,៦១ ពាន់លានដុល្លារ កើនឡើង ១៦,៦%។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមានចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង១៦,៩% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញដែលកម្ពុជានាំចេញ ទៅក្រៅប្រទេសមានទឹកប្រាក់២៦,២ពាន់លានដុល្លារ កើនឡើង១៥,៧% និងនាំចូល ២៨,៥៤ ពាន់លានដុល្លារ កើន១៨%។ នេះបើតាម GDCE។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បាននិយាយថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានភាពរឹងមាំ និងបោះជំហានទៅមុខឱ្យកាន់តែលឿនក្នុងសញ្ញាវិជ្ជមាន។
លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយថ្មីៗ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងការខិតខំរបស់ផ្នែកឯកជនដើម្បីទាក់ទាញ និងលើកទឹកចិត្តចំពោះវិនិយោគិនជាតិ និងអន្តរជាតិ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធិផលវិជ្ជមានជាបន្តបន្ទាប់”។
លោកបានបន្តទៀតថា កំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ នេះគឺបញ្ជាក់ពីទំនុកចិត្តនៃការវិនិយោគថ្មីៗ និងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកបន្តថា ចំនួនទឹកប្រាក់នាំចេញ នាំចូលទំនិញ នឹងនឹងបន្តកើនឡើងថែមប្រសិនបើនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនមានបញ្ហាធំណាមួយកើតឡើង៕
