ដោយៈ ចំណាន
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី ដោយមានការចូលរួមពីលោកSun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោកChen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ យ៉ាងកក់ក្តៅជូននិងលើកឡើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅកម្ពុជា ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ពិសេសភាពរីកចម្រើន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
-->
ជាមួយគ្នានេះ លោកអគ្គលេខាធិការ ក៏បានលើកឡើងពីសារៈសំខាន់នៃ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ចនិងវិនិយោគ។

លោកអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ី នឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។ មួយវិញទៀត លោកអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិន ជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាល សម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។
លោកDu Xiaogang បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រ ដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះ មានការរីកចម្រើនជាបន្តបន្ទាប់។
លោកបានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នា ក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។
លោកDu Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ី ក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញ ការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកបានបង្ហាញនូវការប្តេជ្ញា ក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន៕
