លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបង្ហើបថាគ្រោងចំណាយទឹកប្រាក់១០០លានដុល្លារ ដើម្បីសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០គីឡូម៉ែត្រ។
ដោយៈ ចំណាន
កណ្តាលៈ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCAIC បានបង្ហើបថា អាកាសយានដ្ឋានអន្ដជាតិតេជោ(TIA) គ្រោងចំណាយទឹកប្រាក់១០០លានដុល្លារ ដើម្បីសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០គីឡូម៉ែត្រ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
-->
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបញ្ជាក់ “យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគ សរុបចំនួន១០០លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ TIA ទៅភ្ជាប់ព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្តថា ការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីនេះ ដើម្បីឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
លោកអ្នកឧកញ៉ាបណ្ឌិតបានឲ្យដឹងផងដែរថា ក្រុមហ៊ុនOCIC ក៏បានចាប់ផ្តើមអភិវឌ្ឍន៍ ទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់ លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។
ទន្ទឹមគ្នានេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានលើកឡើងថា ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈ TIA។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្ថែមទៀតថា ក្រុមហ៊ុនOCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅTIA ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុក និងអន្តរជាតិ ឲ្យយល់ដឹងពីវប្បធម៌ខ្មែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់បីដំណាក់កាល ដោយដំណាក់ កាលទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរ បាន១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាចទទួលអ្នកដំណើរបាន៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបាន៥០លាននាក់ក្នុងមួយឆ្នាំ។
ការវិនិយោគសាងសង់TIA (ដំណាក់កាលទី១) មានចំនួន២,៣០០លានដុល្លារអាមេរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal)ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ប្រតិបត្តិការអាកាសយានដ្ឋាន រួមមាន៖ ផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន។
បន្ថែមពីនោះទៀត ចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកអាកាសយានដ្ឋានអន្ដជាតិតេជោ៕

