ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាត្រូវការទុនវិនិយោគ ប្រមាណ៨៥០០ពាន់លានដុល្លារ ដើម្បីបញ្ចប់គម្រោងផ្លួវល្បឿនលឿនមុនឆ្នាំ២០៣៥។
ស្ថិតក្នុងចំណោមគម្រោងរយៈពេលខ្លី និងមធ្យមទាំង៣៥គម្រោង មានគម្រោងកំពុងដំណើរការចំនួន៧គម្រោង។ ដោយឡែកគម្រោងចំនួន១០ ត្រូវបានបញ្ចប់រួចរាល់។ មិនតែប៉ុណ្ណោះ មានគម្រោងចំនួន៦ ដែលគ្រោងនឹងអនុវត្តន៍ ដែលកំពុងធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ជ្រើសរើសក្រុមហ៊ុនដេញថ្លៃសាងសង់ ឬពុំទាន់មានកិច្ចសន្យា រួមមាន៖
-->
(១). គម្រោងផ្លូវថ្មីបាត់ដំបង-សៀមរាប (ថវិកាកម្ចីភាគីចិន) ដែលកំពុងសិក្សាសមិទ្ធិលទ្ធភាព
(២). គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប (ថវិកាកម្ចីភាគីកូរ៉េ) ដែលកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស
(៣). គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ប៉ោយប៉ែត (EXB និង EX5),
(៤) .គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវក្រុមការងារ អនុវត្តគម្រោងរួចរាល់
(៥). គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៨ និង
(៦). គម្រោងផ្លូវជាតិលេខ៥០C និងស្ពានឆ្លងទន្លេសាប ខេត្តកំពង់ឆ្នាំង-កំពង់ធំ ដែលកំពុងស្ថិតក្នុងការសិក្សាសមិទ្ធិលទ្ធភាពដំបូង។
ផែនការមេនេះ មានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងភស្ដុភារកម្ម ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕
