ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ“ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប”។
វេទិកានេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពី លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកតូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកStefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
-->
វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគ លើការកែច្នៃដែលនឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែម ទៅកាន់សហភាពអឺរ៉ុបផងដែរ។

លោកជំទាវរដ្ឋមន្ត្រី ស្វាគមន៍វត្តមានចូលរួមរបស់ភាគីពាក់ព័ន្ធ និងបានថ្លែងអំណរគុណ ចំពោះតំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (GIZ Cambodia) ព្រមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ។
លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។
ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕
