រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ និងសមាហរណកម្មខ្លួនឯងទៅក្នុងតំបន់ឆ្នេរនិងភូមិភាគកណ្តាល។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ និងសមាហរណកម្មខ្លួនឯងទៅក្នុងតំបន់។
ជាក់ស្តែងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន២ បាននិងកំពុងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសេដ្ឋកិច្ច សង្គម។
-->
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។
កំពង់ផែនេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប៣៤៧០ ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ។

ចំណែកហេដ្ឋារចនាសម្ព័ន្ឋ នៅភូមិភាគកណ្តាលប្រទេស គឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ស្ពាននេះ គឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន មានប្រវែង១១៣១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
