ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាប្រមាណ១០ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦ខាងមុខ កើនឡើងជិត៨ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥ ដែលកំពុងអនុវត្តន៍នាពេលនេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី “លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី” ដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីសប្តាហ៍មុន។
-->
យោងតាមសេចក្តីប្រកាសព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ មានចំនួន៦ ជំពូក និង១៥ មាត្រា ហើយត្រូវបានរៀបចំឡើង ដោយផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន៤០,៩១៣ប៊ីលានរៀល (ប្រហែល ១០,១ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង១៨,៨៥% នៃ ផ.ស.ស ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបានបន្តថា តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,២% សម្រា ប់ឆ្នាំ២០២៥ និងប្រមាណ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេលដែលផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣០២០ ដុល្លារអាមេរិក បើធៀបនឹងប្រមាណ២៨៥៨ ដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។
កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣ វិស័យកសិកម្ម ដែលបន្តគាំទ្រដោយអនុវិស័យនេ សាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់២,៨%៕
