ទីផ្សារលំនៅឋានអាមេរិកឈានចូលដំណាក់កាលថ្មី ខណៈតម្លៃផ្ទះកើនឡើងក្នុងអត្រាទាបបំផុត

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅសហរដ្ឋអាមេរិកសម្រេចបានអត្រាកំណើនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ដោយសារអ្នកទិញទទួលបានប្រៀបក្នុងការចរចាលើតម្លៃផ្ទះ ស្របពេលតម្រូវការថយចុះ។ក្នុងនោះ តម្លៃផ្ទះនៅទីក្រុងញូវយ៉កបានកើនឡើងខ្ពស់ជាងទីក្រុងផ្សេងៗទៀត។

យោងតាមទិន្នន័យពីក្រុមហ៊ុន S&P Cotality Case-Shiller បានឱ្យដឹងថា តម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានកើនឡើង១,៥ភាគរយកាលពីសីហា បើធៀបនឹងឆ្នាំមុន។ តួលេខនេះជាអត្រាកំណើនទាបបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៦ បន្ទាប់ពីកើនឡើង១,៦ភាគរយនៅក្នុងខែកក្កដា។

ការថយចុះនៃកំណើនតម្លៃផ្ទះនៅសហរដ្ឋអាមេរិក ជាដំណឹងល្អសម្រាប់អ្នកទិញផ្ទះ បន្ទាប់ពីមានភាពតានតឹងជាយូរទាក់ទងនឹងកង្វះលទ្ធភាពទិញផ្ទះ ដែលបណ្តាលមកពីការកើនឡើងនៃតម្លៃផ្ទះ និងអត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់។

ក្នុងចំណោមទីក្រុងចំនួន២០ កំណើននៃតម្លៃផ្ទះនៅទីក្រុងញូវយ៉កបាននាំមុខគេ ដោយបានកើនឡើងក្នុងអត្រា៦,១ភាគរយ តាមពីក្រោមដោយកំណើននៃតម្លៃផ្ទះនៅទីក្រុងឈីកាហ្គោ និងទីក្រុង Cleveland ដែលបានកើនឡើងក្នុងរង្វង់៥,៩ភាគរយ និង៤,៧ភាគរយរៀងៗគ្នា។

តម្លៃ​ផ្ទះនៅ​ទីក្រុង Miami ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកបាន​ធ្លាក់ចុះ១,៧ភាគរយ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Bloomberg ។

ទីផ្សារលំនៅឋានរបស់សហរដ្ឋអាមេរិកកំពុងឈានចូលដំណាក់កាលតុល្យភាពថ្មីមួយ ខណៈតម្លៃលំនៅឋាននាពេលបច្ចុប្បន្នកំពុងកើនឡើងយឺតជាងមុន បន្ទាប់ពីកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here