ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសបានចូលរួមការតាំងបង្ហាញពីឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម នៃព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ ” ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ញើញចូលរួមពីដៃគូអភិវឌ្ឍន៍ រោងចក្រ សហគ្រាស កម្មករ និយោជិត និងនិយោជក ពីគ្រប់មជ្ឈដ្ឋានប្រមាណជាង ១៨០០នាក់។
ក្នុងព្រឹត្តិការណ៍នេះ ធនាគារ ហត្ថា បានរៀបចំស្តង់ពិព័រណ៍ ដើម្បីបានជួបពិភាក្សាដោយផ្ទាល់ជាមួយបេក្ខជន ទទួលពាក្យ និងអាចសម្ភាសន៍ដោយផ្ទាល់ជាមួយពួកគាត់ ដែលកំពុងស្វែងរកការងារ។ ជាមួយគ្នានោះផងដែរ ធនាគារ ហត្ថា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការបរិច្ចាគកង់ចំនួន ១០០ គ្រឿង ដល់ក្រសួងដើម្បីលើកកម្ពស់សកម្មភាពផ្សព្វផ្សាយឱកាសការងារក្នុងស្រុក និងចុះឈ្មោះជ្រើសរើសបុគ្គលិក។
លោក អាំង ប៊ុនសេង អគ្គនាយកធនធានមនុស្ស នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ តាងនាមអោយគណៈគ្រប់គ្រងរបស់ធនាគារ ហត្ថា យើងសង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែកឧបត្ថម្ភកង់នៅថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការបង្កើតឱកាសការងារ និងចូលរួមផ្សព្វផ្សាយឱកាសការងារផ្សេងៗនៅក្នុងស្រុក ដើម្បីអោយបេក្ខជននិងប្រជាជនដែលកំពុងស្វែងរកការងារទាំងអស់បានទទួលជ្រាប និងចាប់យកឱកាសការងារដើម្បីបង្កើនផលិតភាពក្នុងស្រុក”។
            
 



 
 
 
 
 






